កណ្តាល៖ស្ត្រីម្នាក់ ទំនងជាត្រូវបានឃាតករ រឹតក សម្លាប់ហើយច្រកចូលការុង ដាក់ក្នុងកញ្ឆេ រួចយកទៅទម្លាក់ចូលក្នុងទឹកស្រះនៃរណ្ដៅទឹកស្រះ ក្បែរវាលស្រែមួយ ស្ថិតក្នុងភូមិទួលក្រសាំងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលពេញភូមិ និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ប្រជាពលរដ្ឋបានប្រទះឃើញការ៉ុងមួយ ដែលមានទំហំធំ ហើយមានការសង្ស័យថាក្នុងការុងនោះ អាចជាសាកសព ដែលគេយកមកបោះចោល នៅក្នុងទឹកស្រះក្បែរវាលស្រែមួយស្ថិតក្នុងភូមិទួលក្រសាំងនោះ។
សមត្ថកិច្ច បានឲ្យប្រជាពលរដ្ឋនៅម្តុំនោះ ចុះស្រង់យកការ៉ុងនោះឡើងលើគោកវិញ ហើយស្រាយមាត់ការ៉ុងមើលក៏ស្រាប់តែឃើញ នៅក្នុងការ៉ុងនោះគឺជាសពស្ត្រីម្នាក់ ដែលមានវ័យក្នុងចន្លោះពី ៤០ ទៅ៥០ឆ្នាំ។ស្ត្រីរងគ្រោះនោះ ទំនងជាត្រូវឃាតករ យកខ្សែនីឡុងវែងមួយខ្សែ ចងរឹតកឲ្យស្លាប់ រួចទើបយកសពច្រកការ៉ុង ពណ៌ក្រហម ឆ្នូតខៀវបន្ទាប់មកដាក់នៅក្នុងកញ្ឆេថ្មីមួយ រួចយកទៅទម្លាក់ចូល ក្នុងទឹកស្រះ។
ស្ត្រីដែលគេសម្លាប់យកមកបោះចោលនេះ មិនទាន់មាននរណា ស្គាល់អត្តសញ្ញាណនៅឡើយទេ។ស្ត្រីរងគ្រោះ ពាក់អាវដៃខ្លី ពណ៌ក្រហម ស្លៀកខោជើងវែង ពណ៌ខ្មៅពាក់ស្បែកជើងផ្ទាត់ ពណ៌ខៀវ អាវទ្រនាប់របស់ស្ត្រី ពណ៌ស ធាត់។ មន្ត្រីនគរបាលបញ្ជាក់ថា ស្ត្រីរងគ្រោះទើបត្រូវបានឃាតករ សម្លាប់នៅវេលាទៀបភ្លឺថ្ងៃទី១៧ខែកុម្ភៈនេះ ព្រោះបើតាមការមើលឃើញជាក់ស្តែងគឺសពស្ថិតនៅក្នុងសភាពថ្មីៗនៅឡើយមិនទាន់ហើមមិនទាន់ធុំក្លិនស្អុយទេ។
ទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ច មិនទាន់អាចសនិ្នដ្ឋានបានថា នេះជាករណី ប្លន់សម្លាប់ ឬជាករណីសម្លាប់ ដោយសារគំនុំនោះនៅឡើយទេ។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណាដែលមានបាត់សមាជិកក្នុងគ្រួសារ ជាស្ត្រី ដូចមានភិនភាភខាងលើនេះ សូមមកទាក់ទងជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីទទួលព័ត៌មាន និងសហការ ដើម្បីស្រាវជ្រាវឈានទៅចាប់ឃាតករយកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ មករា