កំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងររលាកពេញខ្លួន និងផ្ទៃមុខដោយសារបុរសម្នាក់បានចោលដបសាំងដែលកំពុងឆាបឆេះមកលើ ខណៈដែលជនរងគ្រោះបានទៅទិញនំហើយឈរចាំយកលុយអាប់ពីម្ចាស់ផ្ទះ។
ករណីនេះ នេះបានកើតឡើងវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង។
ស្ត្រី ឈ្មោះ គង់ ផល្លី អាយុ៤៥ឆ្នាំ ដែលត្រូវជាម្តាយជនរងគ្រោះខាងលើបាននិយាយឲ្យដឹងថា កូនប្រុសគាត់ ឈ្មោះ មែ វិច្ឆិកា អាយុ១៨ឆ្នាំ នៅលីវ។ មុនពេលកើតហេតុកូនគាត់បានត្រឡប់ពីធ្វើការវិញអស់កម្លាំងក៏ដើរទៅ ទិញនំនៅផ្ទះលក់ចាប់ហួយ របស់ឈ្មោះ ស៊ន រម្យ អាយុ២៧ឆ្នាំ។ ពេលទៅដល់កូនប្រុសគាត់បានទិញនំ៤កញ្ចប់ថ្លៃ២ពាន់រៀល និងបានហុចលុយក្រដាស៥ពាន់រៀលទៅឲ្យឈ្មោះ ស៊ន រម្យ ជាម្ចាស់ផ្ទះអាប់។ ប៉ុន្តែម្ចាស់ផ្ទះមិនទាន់អាប់លុយឲ្យភ្លាមៗទេ ដោយគេឲ្យចាំបន្តិច សិនហើយឈ្មោះ ស៊ន រម្យ ជាម្ចាស់ផ្ទះបានឆ្លៀតទៅយកដបសាំងច្រឡំថាជាដបប្រេងកាតយកមកចាក់ ចង្កៀងប្រេងកាត បណ្តាលឲ្យឆាបឆេះ។ ពេលនោះម្ចាស់ផ្ទះបានភ័យស្លន់ស្លោក៏គ្រវែងដបសាំងទៅក្រៅចំ កូនប្រុសគាត់ដែលកំពុងឈរចាំយកលុយអាប់ ធ្វើឲ្យឆាបឆេះរលាកពេញខ្លួន និងពេញផ្ទៃមុខ។
ភ្លាមៗ នោះ អ្នកជិតខាងរួមទាំងគាត់ផងបានស្ទុះយកទឹកស្រោចពន្លត់ និងយកទឹកកកស្អំរួចដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ទាំងយប់។
នៅក្នុងមន្ទីរពេទ្យខេត្តនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ក្រុមគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះរបួសរលាកធ្ងន់ធ្ងរ។ ក្នុងហេតុការណ៍ខាងលើនេះភាគីម្ចាស់ផ្ទះបង្ក មិនអាចសុំការបំភ្លឺបានទេ។ ប៉ុន្តែលោក ចាន់ សាវឿន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលប្រឡាយមាសបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះថា លោកមិនដឹងរឿងនេះទេ ហើយក៏គ្មានអ្នកណាប្តឹងផ្តល់ ឬរាយការណ៍ឲ្យដែរ តែលោកនឹងធ្វើការស្រាវជ្រាវក្នុងរឿងនេះឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយជូនជនរងគ្រោះ៕ ដោយ៖ ព្រហ្ម វិលៀម