កំពត៖ លោក ហ៊ីង ប៊ុន ឈឿន ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ដកំពត ត្រូវបានមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ បានខ្សឹបប្រាប់ឱ្យដឹងថា កំពុងតែបានធ្វើយ៉ាងសកម្មក្នុងការប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្ដកំពត ជាពិសេស ទំនិញគេចពន្ធ និងប្រេងឥន្ធនៈគេចពន្ធ ដោយពង្រាយមន្ដ្រីជំនិតរបស់ខ្លួនដាក់ប៉ុស្ដិ៍កុងត្រូលជជុះ តាមផ្លូវសំខាន់ៗក្នុងខេត្ដកំពតយ៉ាងអនាធិបតេយ្យបំផុត។
ប្រភពបានខ្សឹបឱ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ រថយន្ដដឹកទំនិញគ្រប់ប្រភេទរួមទាំងរថយន្ដដឹកប្រេងគេចពន្ធតម្រង់ជួរ គ្នាចូលបង់លុយឲ្យប៉ុស្ដិ៍កុងត្រូលជជុះរបស់លោក ហ៊ីង ប៊ុន ឈឿន ហើយប្រជាពលរដ្ឋបានឃើញសកម្មភាពប្រដេញរថយន្តដឹកទំនិញឲ្យចូលបង់លុយពី ប៉ូលិសសេដ្ឋកិច្ច ដែលបានបើករថយន្តផ្ដាច់ព្រលឹង ដេញតាមរថយន្តណាដែលដឹកទំនិញល្មើសមិនបង់ពន្ធចាប់យកឱ្យបង់ ពន្ធស្ទើរស្មើតម្លៃទំនិញនោះ ដើម្បីថ្ងៃក្រោយកុំឱ្យពួកនោះបើកគេចពីកុងត្រូលរបស់គេទៀត។
ប្រជាពលរដ្ឋបានរាយការណ៍មកថា មានប៉ុស្ដិ៍កុងត្រូលជជុះរបស់ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្ដកំពត រីកដូចផ្សិតដើម្បីចាប់រថយន្ដដឹកប្រេងគេចពន្ធចូលមកពីប្រទេស វៀតណាមឲ្យចូលបង់លុយយ៉ាងអនាធិបតេយ្យ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ប៉ូលិសសេដ្ឋកិច្ច ខេត្ដកំពត បានបើករថយន្ដប្រដេញ និងគៀងរថយន្ដដឹកប្រេងគេចពន្ធឲ្យចូលបង់លុយយ៉ាងប្រសេចប្រសាច មើលទៅគួរឲ្យទើសភ្នែកក្រៃលែង ជាពិសេស ការប្រដេញគ្នានេះអាចបង្កគ្រោះថ្នាក់ ចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលកំពុងធ្វើដំណើរលើដងផ្លូវជាតិ ជាមិនខាន។
ប្រភពបានខ្សឹបប្រាប់ទៀតថា នៅតាមច្រករបៀងស្រុកកំពង់ត្រាច អ្នករកស៊ីដឹកជញ្ជូនទំនិញគេចពន្ធដូចជា ប្រេងឥន្ធនៈ ជ្រូក មាន់ ទា ត្រី និងស៊ុត ត្រូវចូលបង់លុយឲ្យមន្ដ្រីនគរបាលរបស់លោក ហ៊ីង ប៊ុន ឈឿន។ ចំណែកពួកឈ្មួញរកស៊ីនាំទំនិញគេចពន្ធធំៗត្រូវលោក ហ៊ីង ប៊ុន ឈឿន ចេញមុខក្ដោបក្ដាប់យកដោយខ្លួនឯង ដើម្បីកុំឲ្យបែកទឹកលុយ។ គេខ្សឹបទៀតថា លោក ហ៊ីង ប៊ុន ឈឿន បានដាក់កូនចៅតាមដងផ្លូវយូរឆ្នាំមកហើយ ដើម្បីឲ្យកូនចៅរកចំណូលជារៀងរាល់ខែ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនបើកូនចៅណារកលុយមិនបានបង់ត្រូវលោក ហ៊ីង ប៊ុនឈឿនដកមកអោយ នៅការិយាល័យ អញ្ចឹងបានជាកូនចៅរបស់លោកហ៊ីង ប៊ុនឈឿនខំប្រឹងរកចំណូលបង់អោយមេទាំងយប់ទាំងថ្ងៃ។ឈ្មួញរកស៊ី មួយចំនួននាំគ្នានិយាយរិះគន់ប៉ូលិសសេដ្ធកិច្ចខេត្តកំពតថាជាប៉ូលិស ច្របាច់កឈ្មួញរកប្រាក់ចំណូលបង់អោយមេ។
គួរបញ្ជាក់ផងដែរថាលោកហ៊ីង ប៊ុនឈឿនប្រធានការិយាល័យសេដ្ធកិច្ចខេត្តកំពតបានដាក់កុងត្រូលជជុះ ជាច្រើនកន្លែងទី១ នៅចណុចត្រពាំងល្ពៅស្រុកទឹកឈូទី២ ព្រែកចាកស្ថិតនៅស្រុកកំពង់ត្រាច ទី៣តំបន់កោះស្លាស្រុកឈូក ទី៤ស្រុកបន្ទាយមាសទី៥នៅស្រុកអង្គរជ័យ។
ពាក់ព័ន្ធករណីនេះ ចង្រឹតចៀន បានព្យាយាមទាក់ទងសុំការបំភ្លឺពីនាយប៉ូលីសសេដ្ឋកិច្ច ហ៊ីង ប៊ុនឈឿន នេះដែរ តែមិនអាចទាក់ទងបាន៕