កណ្តាល ៖កាលពី៦និង៤៥ នាទីល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ បុរស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធុនធំបានបើកទៅបុកចំមុខរថយន្តដឹក ទំនិញពេញទំហឹង នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ក្នុងឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ១.កង គុណណា ហៅជឿន ភេទប្រុស អាយុ៣២ឆ្នាំ, ២.វឿន មឿន ភេទប្រុស អាយុ២៧ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុទាំង២នាក់ និង៣.ជា សុខ ភេទប្រុស អាយុ២២ឆ្នាំ រងរបួស ធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ជិះម៉ូតូមួយគ្រឿងម៉ាកXR កម្លាំង២៥០សេសេ ពណ៌សលាយក្រហម គ្មានស្លាកលេខ។ ចំណែករថយន្តដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-6264 អ្នកបើកបររត់គេចខ្លួនបាត់ ។
ជនរងគ្រោះទាំង៣នាក់ជិះ ក្នុងសភាពស្រវឹងស្រា ក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ចំណែករថយន្តដឹកទំនិញបើកក្នុងទិសដៅ ផ្ទុយគ្នាពីអ្នកលឿងមកភ្នំពេញ ។ លុះមកដល់កន្លែងកើតហេតុជនរងគ្រោះទាំង៣នាក់បានបើកជែង ម៉ូតូមួយគ្រឿងទៀតដែលនៅពីមុខក៏ជ្រុលចង្កូតចូលពីមុខរថយន្ត ពេញទំហឹងកៀបម៉ូតូជាប់ជាមួយនឹងក្បាលរថយន្ត បណ្តាលឲ្យ២នាក់ស្លាប់នៅនឹងកន្លែងភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានសមត្ថ កិច្ចហៅរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ៕