ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរក្រុងសែនមនោរម្យ ក្នុងការដាក់វិធានការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរក្រុងសែនមនោរម្យ ក្នុងការដាក់វិធានការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩

មណ្ឌលគិរីះ ដើម្បីចូលរួមចំណែកក្នុងការឆ្លើយតបនិងវិធានការការពារនានា សំរាប់កាត់បន្ថយការរីករាលដាលនៃជំងឺកូវីត១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដាក់វិធានការមួយចំនួន ដល់អាជ្ញាធរក្រុង និងសមត្ថកិច្ច ខណៈដែល ឯកឧត្តម អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងសែនមនោរម្យ និងនាំយកអាល់កុល និងសម្ភារមួយចំនួន របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនចៅសង្កាត់ទាំង៤ ក្នុងក្រុងសែនមនោរម្យ ដែលប្រព្រឹត្តទៅនៅសាលាក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពនៃជំងឺវីរុសកូរ៉ូណាប្រភេទថ្មី ឫកូវីត ១៩ បាននិងកំពុងរីករាលដាលយ៉ាងខ្លាំងនៅពាសពេញទាំងក្នុងតំបន់ និងពិភពលោក ហើយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងដាក់វិធានការនានា ដើម្បីរួមសហការគ្នា ទប់ស្កាត់ ការរីករាលដាលនៃជំងឺប្រភេទថ្មីនេះ។

ឯកឧត្តម បញ្ជាក់ថា នៅប្រទេសកម្ពុជា ក៏មានការឆ្លងនៃជំងឺកូវីត១៩ មានការកើនឡើងជាបន្តបន្ទាប់ ហើយក្នុងនោះ ក៏មានអ្នកជាសៈស្បើយមួយចំនួនផងដែរ ដោយឡែក សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានរកឃើញករណីសង្ស័យ ឫផ្ទុកជំងឺកូវីត១៩នោះទេ។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរក្រុង រួមទាំងចៅសង្កាត់ទាំង៤ ត្រូវសហការជាមួយប៉ុស្តិ៍រដ្ឋបាល ចុះពិនិត្យស្រាវជ្រាវប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស ដែលគាត់ទើបត្រលប់មកពីបណ្តាប្រទេសផ្សេងៗ ចូលមកកាន់ខេត្តមណ្ឌលគិរី ហើយត្រូវណែនាំដល់ពួកគាត់ឱ្យនៅ ដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ជាពិសេស ត្រូវចុះអប់រំផ្សព្វផ្សាយតាមបំពងសម្លេង ដល់មូលដ្ឋាន អំពីវិធានការ បង្ការការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអាល់កុលចំណុះ ៥លីត្រ ខិតបណ្ណ ២៥សន្លឹក សាប៊ូ ២៥ដុំ និងម៉ាស់ការពារចំនួន ១០០ម៉ាស់ ផ្តល់ជូនចៅសង្កាត់ទាំង០៤ ក្នុងក្រុងសែនមនោរម្យ ដើម្បីយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការបង្ការ ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩នេះផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya