កណ្តាល ៖ ប្រភពព័ត៌មានបានរាយការណ៍ពីស្រុកកោះធំថា ឧត្តមសេនីយ៍យោធាចំនួន ២ រូប ដែលជាម្ចាស់ក្រុមហ៊ុន នាគខៀវ និងក្រុមហ៊ុន ហង្ស កំពុងរកស៊ីនាំចូលនិងដឹកជញ្ជូន ទំនិញមិនប្រក្រតី ឬបង់ពន្ធមិនគ្រប់ ពីប្រទេសវៀតណាម តាមច្រកជ្រៃធំ នៃស្រុកកោះធំ ខេត្តកណ្តាល ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់។
ប្រជាពលរដ្ឋបានអះអាងថា ជារៀងរាល់ថ្ងៃ មានកប៉ាល់និងសាឡង់ធំៗ ប្រហែល ១០ទៅ២០ គ្រឿង បានដឹកទំនិញ របស់ក្រុមហ៊ុនទាំងពីរនេះ នាំចូលពីប្រទេសវៀតណាម មកចតឈប់តាមច្រាំង ទន្លេបាសាក់ នៅក្នុងស្រុកស្អាង។ ចំណុចដែលគេចតទី១ នៅភូមិព្រែកប៉ាន ឃុំទឹកវិល ,ទី២ នៅភូមិព្រែកគយ ឃុំព្រែកគយ និងទី៣ នៅភូមិកោះគ ឃុំរកាខ្ពស់។ គេមិនដែលឃើញមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅត្រួតពិនិត្យនោះទេ។ គេនិយាយថា ការនាំចូលទំនិញប្រភេទគ្រឿងសំណង់ គ្រប់ប្រភេទរបស់ក្រុមហ៊ុនទាំងពីរនេះ មិនត្រឹមតែមិនបានចូលបង់ពន្ធ ជូនរដ្ឋប៉ុណ្ណោះទេ សូម្បីតែមន្ត្រីតូចតាច ក៏មិនហ៊ានទៅក្បែរផង គឺបណ្តែតបណ្តោយឲ្យ ក្រុមឈ្មួញដ៏មាន អំណាចទាំងពីរនាក់នេះ ធ្វើអ្វីៗតាមតែទំនើងចិត្ត ។
បើតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅ ភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល បានឱ្យដឹងថា បច្ចុប្បន្ននេះលោកផ្កាយ៣ ស៊ី ហ៊ូហ៊ុយ ជាប្រធានក្រុមហ៊ុន នាគខៀវ កំពុងយកផ្លូវជាតិលេខ ២១បេ នៅចំណុចខាងលើនេះ ធ្វើជាទីតាំងចតរថយន្ដធំៗ ពេញលើផ្លូវ សម្រាប់ឡើងទំនិញពីសាឡង់ធំៗ ដែលនាំមកពីប្រទេសវៀតណាម ដូចជា ឥដ្ឋការ៉ូ ដែក ស៊ីម៉ងត៍។ ករណីក្រុមហ៊ុននាគខៀវ ដែលបង្កភាពអនាធិបតេយ្យបែបនេះ តើលោក ផៃ ប៊ុនឈឿន អភិបាលខេត្ដកណ្ដាល គួរមានចំណាត់ការបែបណា ? ដោយឡែកមន្ត្រីយោធាពាក់ផ្កាយ ២ ម្នាក់ទៀតគឺលោក ឡៅ តុងហាន ជាប្រធានក្រុមហ៊ុនហង្ស បានធ្វើសកម្មភាព នាំចូលគ្រឿងសំណង់ គ្រប់ប្រភេទមកពី វៀតណាមតាមច្រក ព្រំដែនទ្វេភាគីជ្រៃធំ រាប់សិបឆ្នាំមកហើយ គឺប្រើប្រាស់រថយន្ដដឹក ជញ្ជូនលើសទម្ងន់ធ្វើឱ្យខូចខាត ផ្លូវ ស្ពាន តាមផ្លូវជាតិលេខ២១បេ ជាញឹកញាប់ដោយមិនខ្លាចញញើត ចំពោះបទបញ្ជារបស់ថ្នាក់លើឡើយ ។ ការដឹកជញ្ជូនទំនិញគេចពន្ធ ឬគ្រឿងសំណង់បង់ពន្ធមិនគ្រប់ របស់លោក ឡៅ តុងហាន ធ្វើឱ្យខាតបង់ចំណូលថវិកាជាតិផង ឱ្យខូចខាតផ្លូវ ស្ពាន តាមផ្លូវជាតិលេខ២១ បេ ផង ដោយការផ្ទុកទំនិញលើសទម្ងន់តាមឡាន។ រដ្ឋត្រូវចំណាយប្រាក់ ជួសជុលអស់ច្រើនសន្ធឹកសន្ធាប់។
ប្រមុខរាជរដ្ឋាភិបាល បានព្រមានដាក់ទោស មន្ដ្រីយោធាខិលខូច មួយចំនួនដែលនៅតែ គឃ្លើនយកមុខនាទីរបស់ខ្លួន ទៅពាក់ព័ន្ធនឹងជំនួញខុសច្បាប់ ឬការដឹកជញ្ជូនទំនិញគេចពន្ធដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ប៉ុន្តែ លោកផ្កាយទាំង២នាក់នេះ មិនយកត្រចៀកស្តាប់ទេ។ បញ្ហាទាំងនេះកាសែតអរិយធម៌មិនអាចស្វែងរកការបក ស្រាយពីលោកផ្កាយ២និងផ្កាយ៣បានទេ៕ ដោយ៖ ពៅ