ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​គយ​ប៉ោយប៉ែត​មិន​ញញើត​ចំណាត់ការ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​

មេ​គយ​ប៉ោយប៉ែត​មិន​ញញើត​ចំណាត់ការ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​

ក្រុង​ប៉ោយប៉ែត ៖ លោក ឈួន ហៃ ក្នុង​អំណាច​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ ប៉ោយប៉ែត ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ចេញ​ប្រមូល​លុយ​គ្រប់ ច្រកល្ហក​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន មិន​ព្រឺ​រោមជើង​ពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​។ ករណីនេះ​គេ​មិនដែល​ឃើញ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ចាត់វិធានការ ស៊ើបអង្កេត​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​គយ​នៅ​ច្រក​ប៉ោយប៉ែត​ម្តងណា​ឡើយ ទើប​មន្ត្រី​គយ​អស់ទាំងនោះ​ចេះតែ​មានឱកាស​ប្រព្រឹត្ត​ខុសឆ្គង​ម្តង​ហើយ ម្តងទៀត​។​
​លោក ឈួន ហៃ បាន​ចាត់តាំង​មន្ត្រី​ជំនិត​របស់គាត់​២​នាក់ ឲ្យ​ចេញ​ធ្វើ​សកម្មភាព​ប្រមូល​លុយ​តាម​គ្រប់​មធ្យោបាយ គឺមាន​លោក មុយ បញ្ញា​រិ​ទ្ធ ជា​មេ​គយ​ចល័ត​ឈរជើង​នៅ​ចំណុច​កូនដំរី និង​លោក លី ប៊ុន​សុង ជា​អនុប្រធាន​ការិយាល័យ​គ​យ​និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។ មន្ត្រី​២​នាក់​នេះ មាន​ជំនាញ​ប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ តាម​ផែនការ​មិនដែល​ទើសចិត្ត​ម្តងណា​ឡើយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​យក​ខេត្តបន្ទាយមានជ័យ​ធ្វើជា​គោលដៅ ត្រូវ​លុបបំបាត់​អំពើពុករលួយ​ជា​គំរូ​មុនគេ ប៉ុន្តែ​លោក ឈួន ហៃ មិនដែល​ព្រឺ​រោមជើង​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ម្តងណា​ឡើយ មកដល់​ម៉ោង​នេះ លោក ឱម យ៉ិនទៀង មិនទាន់បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​គយ​ណា​ម្នាក់​យកទៅ​ផ្តន្ទាទោស ឲ្យ​ដូច​ការព្រមាន​នៅឡើយ​ទេ​។​
​សកម្មភាព​របស់លោក មុយ បញ្ញា​រិ​ទ្ធ បច្ចុប្បន្ននេះ​កំពុង​បង្ក​ព្យុះភ្លៀង​គ្រប់​ទីកន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត តាម​ច្រករបៀង សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក មុយ បញ្ញា​រិ​ទ្ធ នាំ​ឲ្យ​គាត់​អាច​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ឲ្យ​ឈ្មួញ​រាប់រយ​នាក់​ដែល​រកស៊ី​នាំចូល​ទំនិញ​មិន​ប្រក្រតី ក្នុងពេល​បច្ចុប្បន្ននេះ សុទ្ធតែ​មានការ​ត្រូវរ៉ូវ​និង​បង់លុយ​ប្រចាំខែ​ជូន​លោក មុយ បញ្ញា​រិ​ទ្ធ ទើប​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ​មិនត្រូវ​បាន​រំខាន​។ លោក មុយ បញ្ញា​រិ​ទ្ធ ក៏មាន​ជំនាញ​ប្រមូល​ឈ្មួញ​ធំៗ​រកស៊ី​នៅ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ចូលខ្លួន​ទៅ បង់លុយ​ជូន​លោក ឈួន ហៃ ជាប់​ជាប្រចាំ​ហើយ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះ​មានការ​បង់លុយ ក្រៅផ្លូវការ​ច្រើនសន្ធឹក​សន្ធាប់ គឺជា​អំពើពុករលួយ​ដែល​កើតមាន​ជា​លក្ខណៈ​ប្រព័ន្ធ​យូរយារ​មកហើយ​។​
​ដោយឡែក​លោក លី ប៊ុន​សុង ដែលជា​អនុប្រធាន​ការិយាល័យ​គ​យ​ប្រចាំ​ច្រក​ប៉ោយប៉ែត ក៏​ជាម​នុស្ស​ជំនិត​បំផុត​របស់លោក ឈួន ហៃ ហើយក៏​ជាម​ន្ត្រី​គយ​ដែលមាន​រឿងអាស្រូវ​ច្រើនជាងគេ ដូចជា​ករណី​ប្រើ​អំពើហិង្សា​វាយ​ទាត់​ធាក់​លើ​កូនក្មេង និង​គំរាម​ប្រើ​អំពើហិង្សា​ទៅលើ​កម្មករ​អូស​រទេះដឹក​ទំនិញ​យ៉ាង​អសីលធម៌ ក៏​ជា​អ្នកប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ យ៉ាងសកម្ម​ផងដែរ​។ លោក  លី ប៊ុន​សុង ទទួលបន្ទុក​ការងារ​ត្រួតពិនិត្យ​និង​ទំនាក់ទំនង​ផលប្រយោជន៍​ជាមួយ​ក្រុម ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចេញចូល តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​កន្លងមក លោក លី ប៊ុន​សុង ធ្លាប់​ធ្វើជា​អ្នក​បង្ក្រាប​ទំនិញ​ផង និង​ជា​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ខ្លួនឯង​ផង គឺ​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​របស់គាត់​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ។​
​លោក លី ប៊ុន​សុង គឺជា​ជើង​ខ្លាំង​ក្នុងការ​ជ្រែ​ទំនិញ​មានតម្លៃ​ឆ្លងកាត់​ច្រក​អន្តរជាតិ ប៉ោយប៉ែត ក៏​ព្រោះតែ​លោក លី ប៊ុន​សុង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​នៅ​ស្រុកថៃ ដែល​តែងតែ​ពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក ក្នុងការ​ជ្រែ​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន ហើយ​ឈ្មួញ​ជាច្រើន​សុទ្ធតែ​បាន​ស្គាល់​សារជាតិ​របស់​ជំនាញ​គយ ដែល​ស្រេកឃ្លាន​តែ​អំពើពុករលួយ ហើយ​ពួកគេ​មិនដែល​ខ្វល់ខ្វាយ​ពី​ការខាតបង់​ចំណូល​ថវិកាជាតិ​នោះទេ​។ កាលពី​សម័យ​លោក ជួប អេ​ន ធ្វើជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត ហើយ​លោក ឈួន ហៃ គឺជា​អនុប្រធាន ទាំង​លោក លី ប៊ុន​សុង និង​លោក មុយ បញ្ញា​រិ​ទ្ធ មិនសូវ​ផ្តល់​តម្លៃ​ឲ្យ​លោក ឈួន ហៃ ប៉ុន្មាន​ទេ ប៉ុន្តែ​ចាប់តាំងពី​លោក ឈួន ហៃ មាន​យីអ៊ុន​ឡើង​ធ្វើជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត គឺ​លោក មុយ បញ្ញា​រិ​ទ្ធ និង​លោក លី ប៊ុន​សុង បាន​បន្ទន់ឥរិយាបថ ក្លាយខ្លួនជា​មនុស្ស​ជំនិត​បំផុត​ក្នុង​ការប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ រាល់ថ្ងៃ ធ្វើជា​សេដ្ឋី​ទាំងអស់គ្នា​ហើយ​អ្នកខាតបង់​គឺ​រដ្ឋ​៕ ដោយ​៖ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya