ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ក្រសួងសុខាភិបាល ៖ ប្រកាសអំពាវនាវឲ្យពលរដ្ឋខ្មែរ ទើបសម្រុកចេញពីថៃ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងទៅគ្រូពេទ្យជាបន្ទាន់ នៅពេលលេចចេញរោគសញ្ញា ដើម្បីទប់ស្កាត់ COVID-19

ក្រសួងសុខាភិបាល ៖ ប្រកាសអំពាវនាវឲ្យពលរដ្ឋខ្មែរ ទើបសម្រុកចេញពីថៃ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងទៅគ្រូពេទ្យជាបន្ទាន់ នៅពេលលេចចេញរោគសញ្ញា ដើម្បីទប់ស្កាត់ COVID-19

(ភ្នំពេញ)៖  នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលទើបសម្រុកចេញពីប្រទេសថៃ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ព្រមទាំងទៅជួបគ្រូពេទ្យ ឬមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់ នៅពេលដែលដឹងខ្លួនថា មានអាការៈមិនស្រួល ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នាកុំឲ្យ COVID-19 កាន់តែរីករាលដាលខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង។

ការចេញមកអំពាវនាវភ្លាមៗ របស់ក្រសួងសុខាភិបាលខាងលើនេះ ក្រោយពីគេសង្កេតឃើញថា ជា ពិសេសនៅថ្ងៃនេះតែម្ដង ពលរដ្ឋខ្មែរបានសម្រុកនាំគ្នា ចាកចេញពីប្រទេសថៃ ជាប់ព្រំដែនជាមួយកម្ពុជា ក្រោយពីរដ្ឋាភិបាលថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ លើកលែងតែការដោះដូរទំនិញ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ខណៈដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ មានអ្នកឆ្លងកើនឡើងជិត៦០០នាក់។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានធ្វើការជាមួយកម្លាំងនគរបាល តាមច្រកទ្វារព្រំដែនទាំងអស់ អនុវត្តនូវវិធានបឋមតាមរយៈការពិនិត្យកំដៅរបស់បងប្អូនពលរដ្ឋខ្មែរ ដែលចេញពីប្រទេសថៃ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ថៃមានអត្រាអ្នកឆ្លងរហូតជិត៦០០នាក់ ដូច្នេះសូមលើកទឹកចិត្តបងប្អូនដែលមកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងទៅកាន់ក្រុមគ្រួសាររបស់គាត់ ហើយត្រូវអនុវត្តវិធានការអនាម័យជាប្រចាំ»

យ៉ាងណាក៏ដោយ គិតត្រឹមរសៀលថ្ងៃនេះ បណ្ដាញព័ត៌មានមិនទាន់អាចសុំការបញ្ជាក់តួលេខផ្លូវការ

និងថា តើប្រជាពលរដ្ឋខ្មែរ មានចំនួនប៉ុន្មានរយនាក់ ដែលបានសម្រុកចេញពីប្រទេសថៃនោះទេ?។

មន្ដ្រីនគរបាលអន្ដោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្ដរជាតិដូង ក្នុងខេត្តបាត់ដំបង ដែល ប្រឈម នឹងច្រកឡែម ក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បងប្អូនពលករខ្មែរ បាននាំគ្នាសម្រុកចេញពីប្រទេសថៃ ក្រោយថៃបានប្រកាសបិទព្រំដែន ប៉ុន្ដែមិនមានតួលេខពិតប្រាកដនៅក្នុងដៃនោះឡើយ។

សម្រាប់ការវាយកំដៅក៏ធ្វើឡើងមិនបានគ្រប់គ្នាទាំងអស់នោះទេ ដោយសារតែពលករខ្មែរខ្លះ គាត់ប្រញាប់ស្រូតចូលក្នុងប្រទេស ដើម្បីធ្វើដំណើរបន្ដទៅកាន់ផ្ទះរបស់ពួកគាត់។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា ក្រសួងមានវិធានការចាំបាច់ចំនួន៥ ឬអាចហៅថា ជាវិធានការ ៥ស្រទាប់ ដើម្បីទប់ស្កាត់ និងតាមដានពលករខ្មែរមកពីប្រទេសថៃ រួមមាន៖

* ទី១៖ មានការត្រួតពិនិត្យកំដៅនៅតាមព្រំដែនជាមួយនគរបាល
* ទី២៖ ត្រូវនៅដាច់ដោយឡែក ក្នុងរយៈពេល ១៤ថ្ងៃ
* ទី៣៖ នៅពេលមានរោគសញ្ញាណាមួយកើតឡើង ត្រូវទូរស័ព្ទជាបន្ទាន់ទៅកាន់លេខ ១១៥ ដើម្បីពិគ្រោះយោបល់ជាមួយមន្ដ្រីសុខាភិបាល
* ទី៤៖ នៅពេលមិនស្រួលខ្លួន ត្រូវទៅជួបជាមួយមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់
* ទី៥៖ ក្រសួងមានប្រព័ន្ធតាមដាន និងឃ្លាំមើលជាប្រចាំ ទៅលើពលរដ្ឋខ្មែរទាំងនោះ។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្ដីណែនាំ ពីវិធីដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល។

ក្រៅពីការបង្ហាញនីតិវិធីដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានណែនាំទៅអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីសុខាភិបាលមូលដ្ឋាន ត្រូវតាមឃ្លាំមើលជានិច្ចដើម្បីឲ្យប្រាកដថា បុគ្គលដែលត្រូវបានធ្វើចត្តាឡីស័កដោយខ្លួនឯង អនុវត្តតាមត្រឹមត្រូវតាមការណែនាំនេះ។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលថៃ បានឱ្យដឹងថា អ្នកឆ្លងថ្មីនៃ COVID-19 ១៨៨ករណីបន្ថែមទៀត ត្រូវបានរាយការណ៍ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៥៩៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ដោយសារមានការចម្លងយ៉ាងច្រើនបែបនេះប្រទេសថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ជា មួយប្រទេសកម្ពុជា នៅក្នុងខេត្ដបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដោយពួកគេអះអាងថា ដើម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺ COVID-19 ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញចេញចូលនៅបន្តធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya