បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ៣៥១គ្រួសារដែលមានដីនៅក្នុងភូមិសូរិយានិងភូមិថ្មសិនស្ថិតក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវបានរាជរដ្ឋាភិបាលសំរេចផ្តល់បណ្ណ័កម្មសិទ្ធិលើដីទំហំជាងពីរពាន់ហិតា។ការផ្តល់បណ្ណ័កម្មសិទ្ធិឬផ្តល់ដីស្របច្បាប់នេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៤នៅភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតក្រោមអធិបតីភាព លោក គោ ស៊ុំសារឿត អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ។
លោក លី សារី ប្រធានមន្ទីរសុរិយោដីខេត្តបានអោយដឹងថា ចាប់តាំងពីអនុវត្តបទបញ្ជា០១របស់រដ្ឋាភិបាលពីថ្ងៃទី០៧ឧសភា២០១២ ក្នុងការផ្តល់បណ្ណ័កម្មសិទ្ធិជូនពលរដ្ឋ មន្ទីរជំនាញនិងអាជ្ញាធរពាក់ពន្ធ័ រួមនិងវីរយុជនស្មគ្រ័ចិត្តសម្តេចតេជោបានអនុវត្តវាស់វែងបានចំនួន៣៥,៩៤៦ក្បាលដីផ្ទៃដីសរុបជាង៨០,៥៣៤ហិតានិងប្រជាពលរដ្ឋសរុបជាង២ម៉ឺនគ្រួសារព្រមទាំងបានចែកបណ្ណ័ជូនប្រជាពលរដ្ឋបានជាងពីរម៉ឺនបណ្ណ័។ដោយឡែកបណ្ណ័កម្មសិទ្ធិដែលត្រូវចែកជូនប្រជាពលរដ្ឋទាំងភូមិខាងលើមាន៣៥១គ្រួសារស្មើនិង២២៥០,៨៩ហិតា។
លោកបានបញ្ជាក់ផងដែរថា ភូមិទាំងពីរដែលមន្ទីរជំនាញប្រគល់បណ្ណ័នាពេលនេះអតីតដីក្នុងភូមិនេះជាដីដែលបានដកហូតចេញពីរគម្របព្រៃឈើហើយបានធ្វើអនុប្រយោគនិងសុំទៅរដ្ឋាភិបាលដើម្បីកាត់ជូនប្រជាពលរដ្ឋអោយធ្វើការកាន់ស្របច្បាប់។
លោក គោ ស៊ុំសារឿត អភិបាលខេត្តបានប្រសាសន៍ថា អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើអោយប្រទេសជាតិមានការរើកចម្រើនលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ។. ក្នុងឆ្នាំ២០១២កន្លងទៅសម្តេចបានជំរុញការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវរាល់ការធ្វើកំណែរទម្រង់សុីជម្រៅរបស់ខ្លួនប្រពន្ធ័យុត្តិធម័ កងកំលាំងប្រដាប់អាវុធ និងជលផល ជាមួយគ្នានេះដែររាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជា០១បបចុះថ្ងៃទី០៧ខែឧសភាឆ្នាំ២០១២ស្តីពីការពង្រឹងនិងបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចហេីយរដ្ឋាភិបាលបានបង្កើតចេញនូវយុទ្ធនាករវាស់វែងដីធ្លីដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋដែលជានយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី។ លោកបន្តថាបណ្ណ័កម្មសិទ្ធិនេះគឺពិតជាបញ្ជាក់ពីកម្មសិទ្ធិនៃការកាន់កាប់និងរស់នៅស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនិងជាវត្ថុដ៏មានតម្លៃដែលអាចនិយាយបានថាជាអាយុជីវិត ជាមាសប្រាក់ដែលយើងអាចយកទៅប្រើប្រាស់ដើម្បីទាញយកប្រយោជន៍ផ្សេងទៀតក្រៅពីការសង់លំនៅដ្ឋាននិងការបង្កបង្កើនផល ការយកទៅដាក់បញ្ចាំធានាសម្រាប់ការខ្ចីពីធនាគារដើម្បីពង្រើកមុខរបរលើកស្ទួយជីវភាពគ្រួសារ អាចធ្វើអោយមានភាពងាយស្រួលក្នុងការផ្ទេរ លក់ ឬធ្វើអំណោយផ្សេងៗ។លោកបន្តថា ការថែកបណ្ណ័កម្មសិទ្ធិដីធ្លីអាចជួយកាត់បន្ថយភាពក្រីក្រដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ៕ដោយ៖ សឹង្ហ
» ព័ត៌មានជាតិ » រដ្ឋាភិបាលផ្តល់ដីជាងពីរពាន់ហិតាដល់ពលរដ្ឋពីរភូមិក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ