ភ្នំពេញ៖រថយន្តតាកូម៉ា បានរងនូវការខូចខាតស្ទើរទាំងស្រុង ខណៈពេលដែលបុរសម្នាក់ជាអ្នកបើកបរ ធ្វើដំណើរយ៉ាងលឿន បំណងឡើងស្ពានព្រះមុនីវង្សថ្មី ស្រាប់តែរេចង្កូតបុកបង្កាន់ដៃស្ពានពេញទំហឹង កាលពីវេលាម៉ោង ២៣ និង២០នាទីយប់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សមត្ថកិច្ចនគរបាលដែលយាមនៅគោលដៅស្ពានព្រះមុនីវង្សថ្មីបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ គឺនៅមុនពេលកើតហេតុ រូបគាត់បានសង្កេតឃើញបុរសម្នាក់វ័យជាង ៣០ ឆ្នាំ បើករថយន្តតាកូម៉ាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-3987 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកើត ដោយបានបើកឡើងសំដៅទៅលើស្ពានព្រះមុនីវង្សថ្មី ឆ្ពោះទៅផ្លូវជាតិលេខ ១ ខណៈបើកដល់ ពាក់កណ្តាលស្ពានស្រាប់តែរថយន្តរេចង្កូតទៅខាងឆ្វេងដៃបុករះបង្កាន់ដៃស្ពានយ៉ាងពេញទំហឹង បណ្តាលឲ្យ រថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយកន្ទុយរថយន្តបានវិលត្រឡប់មួយជុំ បោកកង់ក្រោយផ្ទប់នឹងបង្កាន់ដៃ ជាហេតុធ្វើឲ្យបែកកង់ ដាច់ចេញពីរថយន្តថែមទៀត ចំណែកអ្នកបើកបរមិនមានរងរបួសអ្វីធ្ងន់ធ្ងរទេ។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញចុះមកវាស់វែងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ភ្លាមៗ បន្ទាប់ពីកើតហេតុហើយ ។ ដោយឡែកសូមបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើងដោយសារបុរសជាម្ចាស់រថយន្តស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយបើករថយន្តក្នុងល្បឿនពេក ទើបបណ្តាលឲ្យបាត់បង់ស្មារតីជ្រុលបុកបង្កាន់ដៃតែម្តងទៅ ៕
ដោយ៖ ទុយ បញ្ញា