រតនគីរី ៖ ជម្លោះក្នុងវង់ផឹកស៊ី ក្នុងពិធីសែនព្រេនប្ដីប្រពន្ធជនជាតិដើម ភាគតិចទំពួននៅភូមិបន្ទាត់ ឃុំសេដា ស្រុកលំផាត់ ខេត្ដរតនគីរី នាំឱ្យមានអំពើហិង្សាកើតឡើង ហើយនគរបាលប៉ុស្ដិ៍បានចាប់បុរស៣នាក់យកទៅធ្វើទារុណកម្មហួសហេតុ ។
ហេតុការណ៍ជម្លោះនាំឱ្យមានការធ្វើ ទារុណកម្មធ្ងន់ធ្ងរ នៅភូមិបន្ទាត់ ឃុំសេដា ស្រុកលំផាត់ ខេត្ដ រតនគីរី ។ ប្រជាពលរដ្ឋ៣រូបឈ្មោះ ដួង ដេត អាយុ២៨ឆ្នាំ, ឃីម ឃឿន អាយុ ២៦ឆ្នាំ និងណុប រី អាយុ២៣ឆ្នាំ ត្រូវ នគរបាលប៉ុស្ដិ៍សេដាប្រើអំពើហិង្សាធ្ងន់ ធ្ងរដែលទង្វើបែបនេះត្រូវគេនិយាយថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
មេប៉ុស្ដិ៍សេដា ឈ្មោះនី បានវាយដំលើរាងកាយ និងធ្វើ ទារុណកម្មដោយដាក់ច្រវាក់ជើង, ដាក់ ខ្នោះដៃ, ចងជើងនឹងខ្សែអង្រឹង ហើយ ចាក់ទឹកស្រាបៀលើក្បាល និងទឹកធម្មតា ដោយមួយម៉ោងចាក់ម្ដងតាំងពីវេលា ទៀបភ្លឺរហូតដល់ភ្លឺ ។ មិនតែប៉ុណ្ណោះ លោកមេប៉ុស្ដិ៍ថែមទាំងប្រមាថថានឹង នោមដាក់ក្បាលចំពោះបុរសទាំង៣នាក់នោះទៀតផង៕