កណ្តាល៖ ចំណូលពន្ធរដ្ឋរាប់រយលានរៀល ក្នុងមួយខែៗត្រូវបានបាត់បង់ដោយសារលោកមួង ដារ៉ា ក្នុងនាម ជាប្រធានការិយាល័យគយ ដែលបានឃុបឃិតជាមួយឈ្មួញបើកដៃឲ្យនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទ ពី ស្រុកយួនមកប្រទេសកម្ពុជាតាមច្រកជ្រៃធំ។
ទំនិញគេចពន្ធទាំងនោះ ភាគច្រើនគឺជាទំនិញចាប់ហួយត្រូវបានក្រុមឈ្មួញសំរុកនាំចូលពីវៀតណាម មកកម្ពុជា ដឹកជញ្ជូនដោយឡានធំៗ ដែលក្នុងនោះមានបង្កប់ថ្នាំបំពុលសត្វថ្នាំកសិកម្មនិងថ្នាំពេទ្យទៀតផង។មន្ត្រីគយតូចតាចនៅក្នុងការិយាល័យប្រចាំច្រកជ្រៃធំ បានបង្ហើបប្រាប់ឲ្យដឹងថា ក្រុមឈ្មួញដែលរកស៊ីទំនិញ គេចពន្ធនោះ មានឈ្មួញម្នាក់ឈ្មោះពៅ ដែលគេតែងហៅពៅក្រពើៗនោះ គឺជាឈ្មួញធំជាងគេ ហើយក៏ជា មនុស្សម្នាក់រាប់អានជិតដិតជាមួយលោក មួង ដារ៉ា ផងដែរ។
ប្រភពដដែលបានបន្តទៀតថា ទំនិញគេចពន្ធរួមមានទំនិញចាប់ហួយគ្រប់ប្រភេទ ថ្នាំបំពុល ថ្នាំកសិកម្មនិងថ្នាំ ពេទ្យ ត្រូវក្រុមឈ្មួញឃុបឃិតជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធដែលមានលោកមួង ដារ៉ា ជាមេខ្លោង នោះ ហើយបានបង់លុយជូនលោកមួង ដារ៉ា ៣០% កាំកុងត្រូល១០% ស្នាក់ការរដ្ឋបាលសាលាខេត្តកណ្តាល ប្រចាំច្រកជ្រៃធំ១០% និងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល១០% ដើម្បីចែកគ្នាច្រកហោប៉ៅ ធ្វើ មានធ្វើបានរៀងៗខ្លួន។ បញ្ហាអំពើពុករលួយឃុបឃិតគ្នា ជាប្រព័ន្ធបែបនេះកំពុងធ្វើឲ្យរាជរដ្ឋាភិបាលខាតបង់ ចំណូលពន្ធរាប់រយលានរៀលក្នុងមួយខែៗ។ គេមិនដឹងថា លោកប៉ែន ស៊ីម៉ន ដែលជាមេគយធំជាងគេម៉ាស្រុកខ្មែរ នោះ មានចំណាត់ការយ៉ាងណាចំពោះលោកមួង ដារ៉ា ទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាសែតអរិយធម៌មិនអាចទទួលការបំភ្លឺពីលោកមួង ដារ៉ា បានទេ កាលពីថ្ងៃទី៩ ខែកក្កដា ម្សិលមិញនេះ៕ ដោយ៖ នាគភ្លើង