បាត់ដំបង៖ នារីរងគ្រោះម្នាក់ដែលមាននាទីជាអ្នកបំរើក្នុងផ្ទះលក់ចាហួយត្រូវបានម្ចាស់ផ្ទះទាំងម្តាយនិងកូនពួតគ្នាវាយយ៉ាងដំណំបណ្ដាលឲ្យរងរបួសនិងបែកពេញផ្ទៃមុខបន្ទាប់ពីនារីរងគ្រោះអត់ទ្រាំនឹងសំដីដៀលច្រាស់ឆ្អេះមិនបានក៏សុំឈប់ធ្វើការកាលពីថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៣វេលាម៉ោង៨ព្រឹកត្រង់ចំណុចផ្ទះលក់ចាហួយនិងគ្រឿងកំប៉ុង១កន្លែងស្ថិតនៅក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេចក្រុងខេត្តបាត់ដំបង ហើយម្ចាស់ផ្ទះនោះ បាននាំគ្នាទាំងពូជរត់គេចខ្លួនបាត់អស់ បន្ទាប់ពីដឹងថា នាងប្តឹងសមត្ថកិច្ចឲ្យជួយ។
យោងតាមសំដីរបស់នារីរងគ្រោះដែលកំពុងសំងំលាក់ខ្លួននៅផ្ទះអ្នកជិតខាងនិងមានឈ្មោះចាន់ ឌឿន អាយុ២៣ឆ្នាំមានស្រុកកំណើតនៅស្រុកបាភ្នំខេត្តព្រៃវែងបានរៀបរាប់ថាកាលពីអំឡុងឆ្នាំ២០០៩ ឈ្មោះថាវីត្រូវជាប្អូនស្រីរបស់ថៅកែចិត្តមារបានទៅយកនាងឲ្យទៅនៅជាមួយគ្រាន់មើលផ្ទះនិងដាំស្លព្រោះឈ្មោះថាវីនេះជាគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត។នារីរងគ្រោះបានបន្តថា លុះនៅខែមេសាឆ្នាំ២០១៣បងស្រីរបស់អ្នកស្រីថាវីបានសុំបន្តឲ្យមកជួយលក់ចាប់ហួយនៅត្រង់ចំណុចកើតហេតុគឺម្ចាស់ផ្ទះនោះឈ្មោះមិន ណារ៉ា អាយុជាង៤០ឆ្នាំប៉ុន្តែការរស់នៅទីនេះនាងមានការទឹងទ្រូងជាទីបំផុតដោយសារតែសំដីរបស់ម្ចាស់ផ្ទះព្រមទាំងកូនប្រុស២នាក់ដែលមានឈ្មោះ ចិន និងឈ្មោះ គន្ទៈធ្វើការស្តីបន្ទោសនិងជេរដៀលច្រាស់ឆ្អេះ ស្ទើរតែទ្រាំមិនបាន។ នារីរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុនាងបានចាក់សាំងម៉ូតូឲ្យគេក៏មានការកំពប់បន្តិចបន្តួចស្រាប់តែថៅកែស្រីជេរនាងយ៉ាងខ្លាំងទើបនាងសំរេចចិត្តសុំឈប់ដើម្បីទៅរកការងារថ្មីស្របពេលជាមួយគ្នានោះដែរម្ចាស់ផ្ទះក៏បណ្ដេញនាងឲ្យចេញផងដែរផ្ទុយទៅវិញពេលនាងកំពុងតែវេចសំពាយខោអាវដើម្បីធ្វើការចាកចេញពីវិមានបិសាចស្រាប់តែស្ត្រីដែលជាថៅកែចិត្តមាររួមជាមួយនឹងកូនប្រុសទាំង២នាក់ក៏ស្ទុះចូលមកដោយប្រើកំប៉ុងហ្គាស់វាយទៅលើផ្ទៃមុខព្រមទាំងបោចសក់បោកក្បាលទៅនឹងការ៉ូហើយជាន់កបន្ថែមដោយព្រួតគ្នាវាយយ៉ាងទ្រមខ្លួនទោះបីជានាងខំប្រឹងរើបម្រះទាំងឈាមជោកគ្រាប់ភ្នែកដើម្បីរត់រកច្រកចេញក៏ដោយក៏កូនទាំង២ធ្វើជាយកកន្សែងទៅជូតឈាមតែបែរជាញីបន្ថែមយ៉ាងខ្លាំងហើយរារាំងនៅត្រង់មាត់ទ្វារមិនឲ្យចេញឡើយ។
នារីរងគ្រោះបានបន្តទៀតថា ក្រោយពេលត្រឡប់មកពីមន្ទីរពេទ្យវិញនាងក៏លែងហ៊ានចូលផ្ទះវិញដោយសារម្ចាស់ផ្ទះអង្គុយសើចពេបជ្រាយទើបនាងសំរេចចិត្តទៅសុំផ្ទះអ្នកភូមិសំរាកលាក់ខ្លួនជាបណ្ដោះអាសន្នព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចដើម្បីដាក់ពាក្យបណ្ដឹង។
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ក្រោយពេលទទួលបានពាក្យបណ្ដឹងកម្លាំងជំនាញបានចុះទៅលំនៅឋានចំណុចកើតហេតុទើបទទួលបានព័ត៌មានថា ក្រុមបង្កទាំងម៉ែទាំងកូនបានរត់គេចខ្លួនបាត់តាំងពីព្រលឹមម្ល៉េះហើយទំនងជាភៀសខ្លួនទៅផ្ទះបងប្អូននៅឯព្រំដែនកម្ពុជាថៃប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏សមត្ថកិច្ចនៅតែបន្តការស្រាវជ្រាវដើម្បីតាមឃាត់ខ្លួនមុខសញ្ញាយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ ដោយ៖ សហការី