ភ្នំពេញ ៖ កាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរា ចរណ៍មួយដែលបង្កឡើងដោយរថយន្ដ ម៉ាកស៊ីអ័រវី ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ ស្លាកលេខភ្នំពេញ2S-9816 បុកជាមួយ នឹងម៉ូតូម៉ាកស្មាស់ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1M-0285 នៅ ចំណុចមហាវិថីព្រះនរោត្ដម ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បុរសអ្នកបើក បរម៉ូតូរងគ្រោះខាងលើនេះមិនទាន់បានស្គាល់អត្ដសញ្ញាណនោះទេ ពីព្រោះរូប គាត់បានសន្លប់ស្ដូកស្ដឹងត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរ ពេទ្យឃឹម រ៉ានី ។ រីឯអ្នកបើកបររថយន្ដ ក៏មិនត្រូវបានស្គាល់អត្ដសញ្ញាណដែរ ដោយសារក្រោយពេលកើតហេតុរូបគេបានចុះពីរថយន្ដគេចខ្លួនបាត់ភ្លាមៗ ។ ប៉ុន្ដែអ្នកឃើញហេតុការណ៍បាននិយាយថា អ្នកបើកបររថយន្ដនោះជាជនជាតិ បរទេសជិះគ្នាបីនាក់ ។
ប្រភព ដដែលបានបន្ដថា មុនពេលកើតហេតុ រថយន្ដបង្កបានបើកបរតាមបណ្ដោយមហាវិថីព្រះនរោត្ដមក្នុងទិស ដៅពីជើងទៅត្បូង។ រីឯម៉ូតូបានជិះតាម បណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពី ត្បូងទៅជើង (បញ្ច្រាសគ្នា) ។ លុះដល់ ចំណុចកន្លែងកើតហេតុក៏បុកគ្នាពេញ ទំហឹងចំពាក់កណ្ដាលទ្រូងផ្លូវបណ្ដាលឱ្យម៉ូតូរងការខូចខាតទាំងស្រុង រីឯរថយន្ដរង ការខូចខាតផ្នែកខាងមុខយ៉ាងដំណំដែរ ៕