ភ្នំពេញ ៖ ក្រោយបញ្ចប់ការសួរដេញដោលប្រមាណជាង៣ម៉ោងក្រោយមក ក្រុមប្រឹក្សាជំនុំជម្រះ សភាស៊ើបសួរសាលាឧទ្ឋរណ៍ដែលមានលោក ឃុន លាងម៉េង ជាប្រធាន បានសម្រេច តម្កល់ការឃុំខ្លួនជនត្រូវចោទទាំង២១នាក់នេះទុកជាបានការដដែល។ ប៉ុន្តែលោកចៅក្រមបានបើកសិទ្ឋិឲ្យមេធាវីការពារក្តី បើមិនសុខចិត្តអាចប្តឹងសាទុក្ខទៅតុលាការកំពូលបានក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃប្រកាសសាលដីកានេះតទៅ។
ករណីលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសកម្មជន២០នាក់ផ្សេងទៀត ត្រូវសភាស៊ើបសួរសាលាឧទ្ឋរណ៍ បើកសវនាការជំនុំជម្រះជាអសាធារណៈ លើបណ្តឹងសុំនៅក្រៅឃុំ បណ្តោះអាសន្ន។
ជាការកត់សម្គាល់មុនពេលចាប់ផ្តើមសវនាការ ក្រុមសកម្មជនដីធ្លី ដូចជាក្រុមបឹងកក់ ក្រុមបុរីកីឡា ក្រុមថ្មគោល និងអង្គការសង្គមស៊ីវិលមួយចំនួនក្នុងនាមជាអ្នកសង្កេតការណ៍ បានប្រមូលផ្តុំគ្នានៅមុខរបងសាលាឧទ្ឋរណ៍ ក្នុងគោលបំណងតែមួយគត់ គឺទាមទារឲ្យដោះលែងក្រុមលោក វ៉ន ពៅ ឲ្យមានសេរីភាពឡើងវិញ ដោយគ្មានលក្ខខណ្ឌ ។ ការប្រមូលផ្តុំរបស់ ក្រុមទាំងនេះ ក៏បានធ្វើឲ្យចរាចរមានការកកស្ទះយ៉ាងខ្លាំងចាប់ពីមុខព្រះអង្គដង្កើ ដល់មុខ សាលមហោស្រពចតុមុខផងដែរ។
គួររំលឹកថា អង្គហេតុដែលនាំឱ្យមានការសម្រេចឃុំខ្លួននេះ បានកើតឡើងខណៈ លោក វន់ ពៅ បានដឹកនាំមនុស្សប្រមាណជាង៤០នាក់ដើរញុះញុង ធ្វើសកម្មភាពតាមរោងចក្របង្ខំឱ្យកម្មករដែលបានចូលធ្វើការ ចេញមកធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល ដែលមានម៉ូតូប្រមាណ៥ទៅ១០គ្រឿង ជិះមកស៊ីផ្លេខ្លាំងៗ និងបើកភ្លើងស្រែកឡូឡា រួចកម្លាំងសមត្ថកិច្ច បានធ្វើការបង្ក្រាប រហូតដល់មានការប៉ះទង្គិចគ្នាកើតឡើងតែម្តង៕