បន្ទាយមានជ័យ៖ មន្ត្រីគយមួយចំនួនបានឲ្យអរិយធម៌ដឹងថា សម្រាប់ក្រុមឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់មកពីស្រុកសៀមចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ស្រុកម៉ាឡៃ ឬច្រករបៀងផ្សេងៗទៀតនៅទូទាំងខេត្តបន្ទាយមានជ័យ នោះមានមេឈ្មួញដ៏ធំម្នាក់ឈ្មោះ ថោង គឹមឡេង ត្រូវជាប្អូនស្រីបង្កើតរបស់លោក ថោង សុខាំភូ ជាអ្នកចេញមុខជួយរត់ការឲ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យបំផុត ពោលគឺឈ្មោះ ថោង គឹមឡេង ក្រៅពីប្រកបអាជីពរកស៊ីនាំចូលទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ ដោយខ្លួនឯងគាត់ក៏បានចេញមុខជួយរត់ការឲ្យក្រុមឈ្មួញដទៃ ទៀតយ៉ាងរលូនល្អបំផុត ព្រោះតែសិទ្ធិអំណាចរបស់គាត់អាចសុំការយោគយល់ពីលោក ថោង សុខាំភូ ដែលជាបងបង្កើតនោះនៅម៉ោងណាក៏បានដែរ។សូម្បីតែជំនាញគយដែលប្រចាំការតាមច្រកព្រំដែន ឬនៅតាមដងផ្លូវសុទ្ធតែខ្លាចញញើតចំពោះឥទ្ធិពលរបស់ស្រី្តឈ្មោះ ថោង គឹមឡេង គ្មាននរណាហ៊ានប៉ះពាល់ទេ ព្រោះអាចរងនូវការចោទប្រកាន់ថា វាយឆ្កែមិនមើលម្ចាស់។សម្រាប់ការដឹកជញ្ជូនទំនិញរបស់មេឈ្មួញ ថោង គឹមឡេង ឆ្លងកាត់ខេត្តបន្ទាយមានជ័យឡើងមកភ្នំពេញ តាមផ្លូវជាតិលេខ៥ ត្រូវបានមន្ត្រីតូចតាចបញ្ជាក់ប្រាប់អរិយធម៌ថា ក្នុងចំណោមទំនិញមួយរថយន្ត គឺមានការបង់ពន្ធតែចំពោះប្រភេទទំនិញសំខាន់ៗមិនដល់ ៥ភាគរយផងទេ មានន័យថា ទំហំនៃអំពើគេចពន្ធមានដល់ទៅ៩៥ភាគរយឯណោះ។
ពេលខ្លះជំនាញគយដែលប្រចាំការតាមដងផ្លូវ បានកាក់រថយន្តរបស់មេឈ្មួញ ថោង គឹមឡេង ដ៏មានឥទ្ធិពលនេះដើម្បីត្រួតពិនិត្យ សូម្បីតែការអះអាងថាបង់ពន្ធចំនួន៥ភាគរយ ឬ១៥ភាគរយសឹងតែគ្មានទេគឺជាការបង់ពន្ធខ្យល់ ហើយក្រោយមកក៏មានការអន្តរាគមន៍ពីថ្នាក់លើ ធ្វើឲ្យមន្ត្រីគយតូចតាចមួយចំនួនភ័យរួញខ្លួននៅ ពេលដឹងថារថយន្តដឹកទំនិញដែល ពួកគេបានចាប់ឃាត់ដើម្បីត្រួតពិនិត្យជារបស់មេឈ្មួញ ថោង គឹមឡេង ត្រូវជាប្អូនស្រីបង្កើតរបស់លោក ថោង សុខាំភូ។
ឈ្មួញរកស៊ីនាំចូលទំនិញគេចពន្ធឬទំនិញខុសច្បាប់ នៅក្រុងប៉ោយប៉ែតជាច្រើន ត្រូវបង្ខំចិត្តរណបមេឈ្មួញ ថោង គឹមឡេង ដើម្បីឲ្យគាត់ជួយសម្របសម្រួលរត់ការនាំចូលទំនិញ ឬការដឹកទំនិញពីខេត្តបន្ទាយមានជ័យ មកកាន់រាជធានីភ្នំពេញ ព្រោះឈ្មួញមួយចំនួន ដែលមិនសូវស៊ីខ្សែសង្វាក់ជាមួយឈ្មោះ ថោង គឹមឡេង ជាញឹកញាប់តែងតែមានការរំខាន ការទាមទារត្រួតពិនិត្យឯកសារពីជំនាញគយ ធ្វើឲ្យមានភាពយឺតយ៉ាវឬការរុះរើទំនិញលើកដាក់ចុះឡើង នាំឲ្យខូចខាតជាយថាហេតុ។ ប្រសិនបើក្រុមឈ្មួញមានទំនាក់ទំនងល្អជាមួយឈ្មោះ ថោង គឹមឡេង គឺពួកគេអាចមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទោះជាក្រោមរូបភាព បង់ពន្ធតែ១០ភាគរយ ក៏មិនដែលមាននរណាហ៊ានត្រួតពិនិត្យដែរឲ្យតែគេដឹងថា ទំនិញទាំងនោះត្រូវបានឈ្មោះ ថោង គឹមឡេង ជាអ្នកចេញមុខ រត់ការសម្របសម្រួល។លោក ថោង សុខាំភូ មានជំនាញឃុបឃិតឲ្យក្រុមឈ្មួញរកស៊ីនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងអនាធិបតេយ្យ ក្នុងការប្រមូលលុយយកទៅច្រកហោប៉ៅផ្ទាល់ខ្លួនជាមួយនឹងមនុស្សជំនិតបីបួននាក់ដោយមិនគិតពីការកៀងគរថវិកា ឬលុបបំបាត់អំពើរត់ពន្ធទំនិញខុសច្បាប់ ដើម្បីបង្កើនចំណូលថវិកាជាតិ។ ពាក់ព័ន្ធនឹងសកម្មភាពខាងលើនេះគួរណាស់តែលោកបណ្ឌិត ប៉ែន ស៊ីម៉នគួរពិនិត្យមើលភាពអសកម្មរបស់លោក ថោង សុខាំភូ ឡើងវិញផងមិនគួរ បណ្តែតបណ្តោយឲ្យលោក ថោង សុខាំភូ ប្រើតួនាទីជាប្រធានសាខាគយខេត្តបន្ទាយមានជ័យ ទៅប្រមូលផលប្រយោជន៍ធ្វើមានធ្វើបានផ្ទាល់ខ្លួនទៀតទេបើពុំនោះ ទេប្រហែលជាប្រាក់ចំណូលរបស់គយក្នុងខេត្តបន្ទាយមានជ័យនឹងមានការកើនឡើងជាងនេះ។ ការលើកឡើងរបស់មន្ត្រីគយតូចតាចដែលគេរុញឲ្យទៅកៀនជញ្ជាំង ដែលហែករឿងរ៉ាវស្ត្រីឈ្មោះ ថោង គឹមឡេង ប្អូនស្រីលោកថោង សុខាំភូន មេគយដ៏មានឥទ្ធិពលនោះ អរិយធម៌បានព្យាយាមទំនាក់ទំនងទៅលោក សុខាំភូន និងអ្នកស្រីគឹមឡេង ដើម្បីសុំការបំភ្លឺដែរ តែមិនអាចទំនាក់ទំនងបាន៕ ហង្សទេព