កំពង់ស្ពឺ៖ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្បូរទៅដោយក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ គឺមានទាំងឈើប្រភេទលេខ២ ដែលបានមកពីការកាប់បំផ្លាញព្រៃឈើនៅតាមតំបន់អភិរក្ស និងតំបន់ព្រៃសហគមន៍ ហើយក្នុង នោះក៏មានការដឹកជញ្ជូនប្រភេទឈើប្រណីត និងឈើគ្រញូងមានតម្លៃឆ្លងកាត់ខេត្តកំពង់ស្ពឺទាំងយប់ទាំងថ្ងៃ។
សេចក្តីរាយការណ៍ពីខេត្តកំពង់ស្ពឺ បានឲ្យដឹងថាបច្ចុប្បន្ននេះលោកញ៉ែម សៅ បានពង្រាយ មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ឲ្យចុះដាក់ប៉ុស្តិ៍ជជុះនៅចំណុចផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ និងចំណុចផ្លូវមកពីភ្នំឱរ៉ាល់ ដែលមានសកម្មភាពដឹកជញ្ជូនឈើយ៉ាងមមាញឹក ហើយនគរបាលសេដ្ឋកិច្ចរបស់លោកញ៉ែម សៅ បានដាក់រថយន្ត នៅលើដងផ្លូវត្រៀមចាំប្រដេញឡានដឹកទំនិញនិងឡានដឹកឈើឲ្យចូលបង់លុយ តាមតែអំពើចិត្ត គឺសកម្មភាពនេះផ្ទុយពីបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ដែលបានចាត់តាំងឲ្យនគរបាលសេដ្ឋកិច្ចចូលរួមបង្ការបង្ក្រាបបទល្មើស មិនមែនឲ្យទៅដាក់ប៉ុស្តិ៍ដើម្បីរាប់ក្បាលឡានដឹកឈើ ឬឡានដឹកទំនិញយកលុយនោះទេ។
ដោយឡែក ការដាក់រថយន្តចាំប្រដេញ ឡានដឹកឈើឲ្យចូលបង់លុយ គឺជារឿងខុសឆ្គងខ្លាំងបំផុត ដែលពេលខ្លះការបើកប្រដេញឡានដឹកឈើបង្កឲ្យមានគ្រោះថ្នាក់ដល់ អ្នកដំណើរហើយពេលខ្លះទៀតក៏មានការផ្ទុះអាវុធ ធ្វើឲ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង ដែលទាមទារឲ្យអគ្គស្នងការនគរបាលជាតិ ត្រួតពិនិត្យមើលភាពអនាធិបតេយ្យនៃនគរបាលសេដ្ឋកិច្ចរបស់លោក ញ៉ែម សៅ ឡើងវិញជាបន្ទាន់ផងដែរ ៕