ភ្នំពេញ៖ ថ្ងៃទី១១ ខែកុម្ភៈនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានធ្វើសន្នសីទកាសែតមួយ ជាមួយតំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការប្រកាសផ្សាយពី ដំណើរការចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤។ សម្រាប់អាណត្តិទី២ នេះ ចំនួនក្រុមប្រឹក្សា សរុបចំនួន ៣.៣២៤ នាក់។ ចំនួននេះ កើនចំនួន ៧០ នាក់ ធៀបទៅនឹងចំនួនសមាជិកអាណត្តិទី១។ ក្នុងអាណត្តិ ទី១ នោះ មានការបោះឆ្នោតឡើងវិញ ជ្រើសរើសសមាជិកក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ចំនួន១៩នាក់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១១។
ការកើនឡើងចំនួនក្រុមប្រឹក្សា ដោយសារតែខេត្តមួយចំនួន គឺខេត្តត្បូងឃុំ និងខណ្ឌ ចំនួន៣
នៃរាជធានីភ្នំពេញ គឺខណ្ឌច្បារអំពៅ, ខណ្ឌជ្រោយចង្វា ,ខណ្ឌព្រែកព្នៅ ត្រូវបានបង្កើតថ្មី ។ យោងតាមអនុក្រឹត្យ ស្តីពីការកំណត់ចំនួនក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ លេខ២២.អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ៖
.ខេត្តត្បូងឃុំ មានចំនួនសមាជិកក្រុមប្រឹក្សា ១៩នាក់។
.ខណ្ឌច្បារអំពៅ មានចំនួនសមាជិកក្រុមប្រឹក្សា ១៩នាក់។
.ខណ្ឌជ្រោយចង្វា មានចំនួនសមាជិកក្រុមប្រឹក្សា ១៥នាក់។
.ខណ្ឌព្រែព្នៅ មានចំនួនសមាជិកក្រុមប្រឹក្សា ១៥នាក់។
ចំពោះខណ្ឌសែនសុខ កាលពីអាណត្តិទី១ មានចំនួនសមាជិកក្រុមប្រឹក្សា ១៧ នាក់ ប៉ុន្តែ សម្រាប់អាណត្តិទី២ មានចំនួនសមាជិកក្រុមប្រឹក្សា ១៩ នាក់ កើនចំនួន ២ នាក់។
គជប បានបញ្ជាក់ថា បច្ចុប្បន្ន មានរាជធានី ខេត្ត ចំនួន២៥ ក្នុងនោះមាន រាជធានី១ និងខេត្តចំនួន២៤ និងមានក្រុង ស្រុក ខណ្ឌ ចំនួន ១៩៧ ក្នុងនោះមាន ក្រុងចំនួន២៦ ស្រុក ១៥៩ និងខណ្ឌចំនួន ១២ ៕