កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១១និង៣០ នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមផ្លូវលំ ក្នុងភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយម៉ូតូ ២ គ្រឿង បុកគ្នា ដោយម៉ូតូស៊ុយហ្ស៊ុយគី ស្មាស់វី អត់ស្លាកលេខ បើកក្នុងទិសដៅពីកើតទៅលិច ដែលមានជិះឌុបគ្នា ៣ នាក់។ ដោយសារតែបើក ក្នុងល្បឿនលឿន និងដីហុយផង បណ្តាលអោយបុកជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ ជិះឌុបគ្នា២នាក់ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញមួយទំហឹងតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេដឹកតាមគោយន្ត មកសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកបរិបូរណ៍ ប៉ុន្តែបុរសរងគ្រោះម្នាក់ ឈ្មោះអឿ សំអាន អាយុ២៥ឆ្នាំ រស់ឃុំផ្សារស្រុកបរិបូរណ៍ បានស្លាប់នៅតាមផ្លូវ និងបុរសរងគ្រោះម្នាក់ទៀត ឈ្មោះអុល សំអាត អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា ត្រូវបានគេបញ្ជូនបន្ត មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ដោយឡែក ជនរងគ្រោះ ៣ នាក់ទៀត ដែលរងរបួសស្រាល ១-ឈ្មោះ ស៊ន សុខា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍។ ២-ឈ្មោះអុល សំអាង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងឃុំផ្សារ ស្រុបរិបូរណ៌ និងទី៣ -ឈ្មោះសុទ្ធ សឿង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងឃុំជាមួយគ្នា៕