ព្រះសីហនុ៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅក្នុងភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ កាលពីចុងសប្ដាហ៍កន្លងទៅ បានលើកគ្នាតវ៉ាប្រឆាំងនឹងអាជ្ញាធរ ដែលបានឃុបឃិតលួចលក់ទីតាំងដីកប់ និងដុតខ្មោច របស់ពួកកគាត់ ទៅឲ្យក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធិ។
លោកតា លី ចេង អាយុ៧០ឆ្នាំ អតីតមេភូមិស្រែចាម បាននិយាយថា ទីតាំងដីទំនាស់ ជាដីសំរាប់កប់ខ្មោច និងប៉ាឆាដុតខ្មោច របស់ប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងភូមិស្រែចាម តាំងតែពីដូនតាមក ។ លុះអំឡុងឆ្នាំ២០០០ ក៏ស្រាប់តែ ត្រូវបានគេឃុបឃិតគ្នាលួចលក់ ទៅឲ្យក្រុមហ៊ុនឯកជន គ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ និងលក់ជាបន្តបន្ទាប់ ពីមួយទៅមួយ រហូតមកដល់បច្ចុប្បន្ន។ ប្រជាពលរដ្ឋក្នុងភូមិ ក៏បាននាំគ្នាតវ៉ារហូតមកដែរ ប៉ុន្តែ ហាក់មិនទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋានឡើយ ។ ផ្ទុយទៅវិញអាជ្ញាធរ បែរជាបើកដៃឲ្យក្រុមហ៊ុនឯកជន ធ្វើអ្វីស្រេចតែអំពើចិត្ត និងបានហាមឃាត់ មិនឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ យកខ្មោចទៅកប់ ឬដុតដូចមុនៗទៀតឡើយ ព្រមទាំងបាន បង្ខំឲ្យប្រជាពលរដ្ឋ ដែលបានយកខ្មោចទៅកប់នៅលើដីនោះពីមុនៗ គាស់យកចេញទៀតផង។
លោក ឃូ ពៅ រស់នៅក្រុងព្រះសីហនុ ដែលគេស្គាល់ថា បានចំណាយលុយទិញដីកប់ខ្មោចនេះ បានលើកឡើងថា គាត់ទើបតែទិញដីនេះពីគេបានរយៈពេល៣ខែ ប៉ុណ្ណោះ ហើយពេលនេះស្រាប់តែផ្ទុះការតវ៉ា ដែលធ្វើឲ្យគាត់ក្លាយជាជនរងគ្រោះចំពោះបញ្ហានេះទៅវិញ ។
លោក ហន់ ឆេង មេឃុំស្រែចាម បានទទួលស្គាល់ថា ទីតាំងដីកប់ខ្មោចនេះ ពិតជាត្រូវបានគេធ្វើការលក់ដូរ ជាបន្តបន្ទាប់ជាយូរមកហើយ តាំងពីមុនលោកឡើងធ្វើជាមេឃុំទៅទៀត ។ ចំណែករូបលោក គ្រាន់តែបានចុះហត្ថលេខា ទៅលើឯកសារទិញលក់ដែលមានស្រាប់តែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់នឹងតស៊ូ តាមផ្លូវច្បាប់ ដើម្បីការពារទីតាំងកប់ខ្មោច ដែលបន្សល់ទុកពីដូនតារបស់ពួកគាត់នេះ ឲ្យនៅគង់វង្ស ដោយមិន អនុញ្ញាតឲ្យអាជ្ញាធរឃុបឃិតជាមួយឈ្មួញលក់ដីនោះ យកលុយដាក់ហោប៉ៅដោយងាយៗបែបនេះបានឡើយ ៕ ដោយ៖ នាយក្អែកខ្មៅ