មណ្ឌលគិរី ៖ នគរបាលប៉េអឹម មន្ត្រីតុលាការ មន្ត្រីរដ្ឋបាលព្រៃឈើជាង៥០នាក់ បានប្រើកម្លាំងចំរុះទ្រង់ទ្រាយធំ ប៉ុនក្បាលដំរី តែលទ្ធផលបានទទួលមកវិញ ប៉ុនកន្ទុយកណ្តុរ ព្រោះតែព័ទ្ធផ្ទះឈ្មួញឈើជាផ្កាយ១ យោធា រកឃើញភស្តុតាងគ្រប់គ្រាន់ហើយ មិនហ៊ានចាប់មនុស្សគឺហ៊ានយកតែឈើយកទៅរក្សាទុក ធ្វើឲ្យសាធារណជន រិះគន់យ៉ាងខ្លាំងដល់សមត្ថកិច្ចចម្រុះទាំងនោះថា «អន់ណាស់ជាមួយអ្នកធំ ខ្លាំងបានតែជាមួយអ្នកតូចតាច »។
ផ្ទះនិងចំការប្រមាណ៥ហិកតា របស់ឈ្មួញឈើឈ្មោះឃិន ម៉េងស្រេង ផ្កាយ១យោធា ខេត្តមណ្ឌលគិរី នៅក្នុង ឃុំស្រែខ្ញុំ ស្រុកកែវសីម៉ា ដោយឈើមានតម្លៃទាំងនោះរឹបអូសបានពីក្នុងផ្ទះ ក្នុងឡាននិងក្នុងចំការ តែ សមត្ថកិច្ចចម្រុះមិនហ៊ានប៉ះពាល់ឈ្មួញឈើជាផ្កាយនោះទេ ទំនងជាខ្លាចអស់បុណ្យស័ក្តិខ្លួនឯង។
ប្រជាពលរដ្ឋនិយាយថា ឈើដែលដាក់ក្នុងចំការ ក្នុងផ្ទះឬក្នុងឡានរបស់លោកផ្កាយ១នោះ មិនដល់១%ទេ គឺគាត់ទុកនៅក្នុងព្រៃ៩៩%រួចដឹកចេញ គឺគាត់ម្នាក់នេះជាឈ្មួញធំនៅក្នុងខេត្តនេះ គ្មាននរណាហ៊ានក្អកជាមួយ គាត់ទេ។ ជាក់ស្តែងកាលពីថ្ងៃសៅរ៍កន្លងមក គឺកម្លាំងចម្រុះជាង៥០នាក់ ព័ទ្ធទាំងយប់ទាំងថ្ងៃ តែបែរជាមិន ហ៊ានឃាត់ខ្លួនឈ្មួញឈើជាផ្កាយ១នោះទៅវិញ។ ប្រជាពលរដ្ឋបន្តថា មិនគួរណាកម្លាំងចម្រុះទាំងនោះជឿ លើសម្តីលោកផ្កាយ១ឆ្លើយដោះសាថា «ឈើទាំងនោះជារបស់ប្អូនប្រុសគាត់ទេ»។ បើគ្រាន់តែសម្តីប៉ុណ្ណឹង ជឿដែរនោះ អ៊ីចឹងអ្នកក្រោយៗទៀតក៏គេចេះឆ្លើយដោះសាយ៉ាងនេះដែរហើយ។ ទោះជាយ៉ាងណាក្តីកាសែត អរិយធម៌មិនអាចទំនាក់ទំនងលោកផ្កាយ១ ឃិន ម៉េងស្រេង បានទេ កាលពីម្សិលមិញ។
គួររំលឹកថា ឈើប្រណីតចំនួនជាង៥០ដុំ ត្រូវសមត្ថកិច្ចចំរុះដឹកនាំដោយលោក សូ សុវិជ្ជា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងលោក ឡុង ប៊ុង អធិការរងទន្លេមេគង្គ ចុះចាប់បានកាលពីថ្ងៃទី៨ កុម្ភៈ នៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខាងក្រោយផ្ទះរបស់មេបញ្ជាការតំបន់សឹករងមណ្ឌលគិរី។
ការចុះទៅរឹបអូសឈើនេះ ក្រោយពីមានសេចក្តីរាយការណ៍មកថា មានក្រុមឈ្មូញទុកលាក់ឈើបម្រុងដឹកចេញយកទៅលក់នៅប្រទេសវៀតណាម។ ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ហើយក៏ប្រទះឃើញឈើនិងរថយន្តដែលផ្ទុកឈើ ដែលពួកឈ្មួញទុកលាក់ ក្រោយពេលដែលពួកគេដឹងខ្លួនមុនថាមានជំនាញចុះទៅចំគោលដៅនោះ។ សមត្ថកិច្ចនិយាយថា ឈើនាងនួននិងធ្នង់ឡាំង បួនជ្រុងមានមុខកាត់ចាប់ពី ១៥សង់ទីម៉ែត្រ រហូតដល់៤០សង់ទីម៉ែត្រប្រវែង១ម៉ែត្រ២តឹក រហូតដល់៣ម៉ែត្រ ចំនួនជាង៥០ដុំ។
ក្នុងសកម្មភាពនោះគេបានឃើញសមត្ថកិច្ចដែលដឹកនាំដោយលោកព្រះរាជអាជ្ញារង បន្តចូល ទៅក្នុងលំនៅឯានរបស់ លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការ សឹក រងខេត្តមណ្ឌលគិរី ដោយសង្ស័យថាមានលាក់ទុកឈើប្រណីត។
លោកព្រះរាជអាជ្ញារង សូ សុវិជ្ជា បានអោយដឹងថា បន្ទាប់ពីមានការស្នើរសុំកម្លាំង ពីលោក អធិការរងទន្លេមេគង្គថា មានឈើប្រណីតលាក់ទុកនៅដីចម្ការក្រោយផ្ទះលោកឧត្តមសេនីយ៍ត្រី រូបលោកផ្ទាល់ បានដឹកនាំសមត្ថកិច្ចចំរុះចុះទៅដល់ទីតាំងទុកលាក់ឈើនោះហើយបានឃើញ ឈើ ប្រណីតនៅសេសសល់មួយចំនួនដែលពួកឈ្មួញដឹកចេញមិនទាន់អស់ និងរថយន្តមួយគ្រឿង ហើយ លោកបានអោយជំនាញធ្វើការរឹបអូស។លោកបន្តថា ដោយមានការសង្ស័យថាផ្ទះលោកឧត្តមសេនីយ៍ត្រី មានទុកលាក់ឈើប្រណីត លោកក៏បានសូមចូលត្រួតពិនិត្យ បានឃើញឈើប្រណីតបន្តិចបន្តួច ហើយ មិនបានរឹបអូសនោះទេ៕ ដោយ៖ ឡុង លឹម