ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ បានសម្រេចឃុំខ្លួនពាណិជ្ជករម្នាក់ ដាក់ពន្ឋនាគារពីបទ សមគំនិតក្នុងអំពើឆបោកប្រាក់ជាង៤០ម៉ឺនដុល្លារអាមេរិក តាមរយៈកិច្ចសន្យាទិញឈើគ្រញូងស្របច្បាប់ពីខាងរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ ។
កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ បានឃាត់ខ្លួនពាណិជ្ជករម្នាក់ឈ្មោះ ជួន ទិវា អាយុ៤៤ឆ្នាំ នៅចំណុចហាងសាំងស៊ូគីម៉ិច ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ឈ្មោះ ជួន ទិវា បានបញ្ចុះបញ្ចូលឲ្យឈ្មោះ កែ សុខលាង ទិញឈើប្រណីតពីបក្ខពួកខ្លួន នៅព្រែកព្នៅ និងខេត្តកំពង់ធំ ចំនួន៩០០ម៉ែត្រគូប ។ ក្រោយមកឈ្មោះ កែ សុខលាង បានទៅមើលដល់ទីតាំងឃើញឈើប្រណីតជាច្រើនដូចជា ឈើគ្រញូង ព្នង់ នាងនួន ជាដើម ។ ពេលនោះ ឈ្មោះ កែ សុខលាង បានធ្វើកិច្ចសន្យាទិញឈើគ្រញូងស្របច្បាប់ចំនួន២០០ម៉ែត្រគូប ក្នុង១ម៉ែត្រគូប តម្លៃ៨០០០ដុល្លារ សរុបទាំងអស់ចំនួន១លាន៦សែនដុល្លារ គិតទាំងថ្លៃដឹកជញ្ជូន និងថ្លៃរត់ការផ្សេងៗ តែពុំទាន់ប្រគល់ប្រាក់នោះទេ ៕