កំពត៖បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមបាញ់ប្រហារដោយគ្រាប់កាំភ្លើង១គ្រាប់ចំក្បាលកាលពីវេលាម៉ោង00និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៨ខែកក្កដា ឆ្នាំ២០១៣ចំណុចមុខខ្លោងទ្វារវត្តស្រែជា ភូមិខ្វាវ ឃុំចំប៉ី ស្រុកអង្គរជ័យខេត្តកំពត។ក្រោយមានករណីនេះកើតឡើងសមត្ថកិច្ចបានសន្និដ្ឋានថាជាអំពើប្លន់យកទ្រព្យសម្បតិ្តដោយជនដៃដល់បានបាញ់សម្លាប់រួចហើយប្លន់យកម៉ូតូ១គ្រឿងទៅបាត់តែម្តង។ជនរងគ្រោះដែលជនមិនស្គាល់មុខពីបាញ់សម្លាប់ត្រូវបានគេស្គាល់ឈ្មោះ ឈ្មង អោម អាយុ៣៦ឆ្នាំ មុខរបរមេកាសំណង់ដែលបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ននៅផ្សារអង្គតាសោម ទឹកដីខេត្តតាកែវ។
ពាក់ព័ន្ធនឹករណីខាងលើ លោកពៅ សាមិត្ត អធិការនគរបាលស្រុកអង្គរជ័យបានប្រាប់ឲ្យដឹងថាបន្ទាប់ពីមានរឿងរ៉ាវកើតឡើងភ្លាមៗសមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថាជាអំពើឃាតកម្ម លុះក្រោយមកទើបស្រាវជ្រាវដឹងថាជាករណីប្លន់ប្រដាប់អាវុធព្រោះម៉ូតូដែលជនរងគ្រោះជិះម៉ាកSufotផលិតនៅប្រទេសវៀតណាមសេរីឆ្នាំ២០១៣ត្រូវបាត់នៅកន្លែងកើតហេតុ។
លោកបានបញ្ជាក់ទៀតថា មុនពេលមានអំពើប្លន់កើតឡើងជនរងគ្រោះបានផឹកសីជាមួយមិត្តភកិ្តនៅជិតផ្សារអង្គតាសោមលុះផឹកស្រវឹងរៀងៗខ្លួនបុរសរងគ្រោះក៏បានជិះម៉ូតូរបស់ខ្លួនបំណងមកលេងផ្ទះនៅស្រុកអង្គរជ័យទាំងយប់ស្រាប់តែមកដល់មុខខ្លោងទ្វារវត្តស្រែជាក្នុងឃុំចំបីុក៏ត្រូវជនមិនស្គាល់មុខបាញ់១គ្រាប់ចំក្បាលធ្លាយពីត្រចៀកម្ខាងទៅម្ខាងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។លោកអធិការបានឲ្យដឹងទៀតថា នៅលើខ្លួនសពសមត្ថកិច្ចបានឃើញប័ណ្ណសម្គាល់ខ្លួនដែលបញ្ជាក់ថាជនរងគ្រោះជាភ្នាក់ងារកាសែតមើលផ្លូវផងដែរហើយករណីប្លន់នេះជនដៃដល់ប្រើប្រាស់អាវុធប្រភេទAK47ព្រោះនៅចំណុចកើតហេតុបានបន្សល់សំបកកាទុស្ស១ជាសំអាង។
ក្រោយពីមានអំពើប្លន់ដោយបាញ់សម្លាប់មនុស្សនៅភូមិសាស្ត្រស្រុកអង្គរជ័យនេះសមត្តកិច្ចទាំងថ្នាក់លើ ថ្នាក់ក្រោម កំពុងតាមដានស្រាវជ្រាវស្វែងរកមុខសញ្ញាយ៉ាក្តៅគគុកដោយសង្ឃឹមថាមិនយូរមិនឆាប់ជនដៃដល់ពិតជាគេចមិនផុតពីសំណាញ់ច្បាប់ឡើយ។
សពជនរងគ្រោះក្រោយពីបានពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ ព្រាប ស