ភ្នំពេញ ៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងកម្មវិធីសិក្ខាសិលាមួយ តាមរយៈការរៀបចំរបស់ស្ថានទូតថៃប្រចាំនៅកម្ពុជា ។
កម្ម វិធីនេះធ្វើឡើងដើម្បីផ្តល់ចំណេះដឹងដល់ពាណិជ្ជករថៃ ដែលចាប់អារម្មណ៍ទៅលើទីផ្សារកម្ពុជា ដើម្បីឲ្យពួកគេបានទទួលព័ត៌មានពិតប្រាកដ តាមរយៈបទពិសោធន៍របស់ពាណិជ្ជករថៃនៅកម្ពុជា ។
អគ្គ ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃ ប្រចាំនៅកម្ពុជា លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ ជាការផ្តល់ឱកាសដល់ពាណិជ្ជករថៃ ដែលយកផលិតផលរបស់ពួកគេ ដើម្បីរៀបចំការតាំងពិព័រណ៍ថៃនៅភ្នំពេញ ចាប់ពីថ្ងៃទី៦ ទៅដល់ថ្ងៃទី៩ ខែកុម្ភៈ នៅមជ្ឈមណ្ឌលកោះពេជ្រ អាចស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ងាយស្រួលឲ្យពួកគេសម្រេចចិត្ត និងស្វែងរកដៃគូសហការ ។
លោក ស្រីបញ្ជាក់ថា «ការបង្កើតសិក្ខាសិលានេះឡើង គឺដើម្បីឲ្យអាជីវករថៃ ទាំងអស់នោះបានយល់ពីខ្មែរបានច្បាស់ថា វប្បធម៌ខ្មែរមានអ្វីខ្លះ ខាងសង្គមខ្មែរ និងការរស់នៅ ការរកស៊ីនៅខ្មែរធ្វើយ៉ាងដូចម្តេច និងច្បាប់រកស៊ីនៅស្រុកខែ្មរដូចម្តេចខ្លះ ដើម្បីអនុវត្តន៍ឲ្យបានត្រឹមត្រូវ» ។ សិក្ខាសាលាដែលរៀបចំឡើងដោយស្ថានទូតថៃនេះ មានអ្នកចូលរួមពីពាណិជ្ជករមកពីប្រទេសថៃចំនួន១០០នាក់ និងពាណិជ្ជករថៃដែលរកស៊ីនៅកម្ពុជា ស្រាប់មាន១០០នាក់ផងដែរ ។
លោក ស្រីបន្ថែមថា សម្រាប់វិស័យដែលពាណិជ្ជករថៃចាប់អារម្មណ៍ នឹងចង់រកស៊ីនៅស្រុកខ្មែរ គឺវិស័យទេសចរណ៍ និងកសិកម្ម ។ វិស័យកម្មរបស់កម្ពុជា មានការល្បីឈ្មោះនៅលើពិភពលោក ។
ដោយ ឡែក នារសៀលថ្ងៃទី៥ ខែកុម្ភៈ ស្ថានទូតថៃ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំនូវការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករថៃ ដើម្បីអាចសហការរកស៊ីជាមួយគ្នាបាន ។
លោក ស្រី ជីរ៉ាណាន់ វង្សមង្គល បន្តថា ស្តង់ផលិតផលទំនិញថៃ ដែលនឹងត្រូវតាំងពិព័រណ៍ពីមាន៣៦៤ស្តង់ ក្នុងនោះមាន២០០ស្តង់មកពីប្រទេសថៃ ១៦៤ស្តង់ ជាក្រុមហ៊ុនថៃ ដែលរកស៊ីនៅកម្ពុជាស្រាប់ ។ សម្រាប់ផលិតផលដែល តាំងលក់ក្នុងពិព័រណ៍ រួមមាន ផលិតគ្រឿងសំណង់ សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងប្រើប្រាស់ក្នុងផ្ទះ ម្ហូបអាហារ ជាដើម ។ ការរតាំងពិពរណ៍នេះ ត្រូវបានលោកស្រីចាត់ទុកថា ដើម្បីបើកទីផ្សារនៃផលិតផលថៃឲ្យបានច្រើនជាងមុន ។ នៅដើមខែកុម្ភៈនេះ ថៃគ្រោងនឹងរៀបចំពិព័រណ៍ប្រចាំឆ្នាំធំនៅកម្ពុជាផងដែរ ដើម្បីបញ្ជាក់ពីភាពរឹងមាំរបស់ទំនិញថៃនៅកម្ពុជា ៕