បន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានប្រកាសលក់ដីឡូត៏១កន្លែងទំហំ២០ម៉ែត្រគុណនឹង ១៨ ម៉ែត្រ ស្ថិតនៅតំបន់លិចទឹកមាត់ស្ទឹងតាមបណ្ដោយផ្លូវលំ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្នុងតម្លៃ ៣៥.០០០ដុល្លារព្រោះតែអត់លុយឲ្យប្តីចុងលេងល្បែងប៉ុន្តែការប្រកាសលក់នេះត្រូវបានកូនៗធ្វើការជំទាស់ ដោយថា បើនរណាហ៊ានទិញ ខ្លួននឹងដេញកូនចៅដែលរស់នៅលើដីនោះចេញ។
កូនប្រុសម្នាក់ដែលជំទាស់ការលក់ដីនេះបាននិយាយថាម្ដាយបង្កើតខ្លួនតាំងពីបានប្ដីចុងដើរលេងល្បែងស៊ីសងបានដូរចិត្តឈប់ស្រឡាញ់រាប់អានកូនចៅអស់ទៅហើយ។ ខ្លួនមិនចេញពីដីនោះទេព្រោះខ្លួនបានចាក់ដី ធ្វើរបងថ្មអស់ទឹកប្រាក់ជិត ១០.០០០ដុល្លាឯណោះ។ ហេតុនេះបើនរណាហ៊ានទិញគឺនឹងមានរឿង។
ស្ត្រីម្ចាស់ដីនោះឈ្មោះ ជុំ ចិន្តា អាយុជាង៦០ឆ្នាំ របរដឹកចានឆ្នាំងនិងវត្ថុប្រើប្រាស់ធ្វើពីជ័រដើរលក់ មាត់លំនៅមាត់ស្ទឹងសិរីសោភ័ណ ភូមិ៤ សង្កាត់ព្រះពន្លា។ និងមានប្ដីក្រោយឈ្មោះ សេង ហៅ អូន។
ស្ត្រីនេះនិយាយថ្ងៃទី ៨ កក្កដាថា ដី១ឡូត៏កន្លះរបស់ខ្លួន ទំហំ ២០ម៉ែត្រគុណនឹង ១៨ម៉ែត្រ បានចាក់ដីខ្ពស់ហើយកូនប្រុសបានធ្វើរបងថ្មព័ទ្ធជុំវិញដើម្បីធ្វើអោយផុតពីទឹកជំនន់។ ដោយសារខ្លួនមានដីច្រើនទើបខ្លួនប្រកាសលក់ ដោយសរសេរលេខទូរស័ព្ទទំនាក់ទំនងលើជញ្ជាំងរបងថ្ម។
បើនរណាហ៊ានទិញខ្លួនដេញកូនប្រុសកូនប្រសានិងចៅៗរស់នៅលើដីនោះចេញ ហើយអោយពួកគេទៅរស់នៅដីទំនាបនៅជិតមាត់ស្ទឹងវិញ។ ព្រោះដីនេះជាដីខ្លួន ឯកូនៗបែកផ្ទះអស់ហើយ។ ឯកូននៅនឹងដីនេះ(ឈ្មោះ សម្បូរ) គេមានដីនៅឃុំភ្នំតូច១កន្លែងផងដែរ ។
កូនប្រុសនេះ និយាយថ្ងៃដដែលថា ខ្លួនបានមករស់នៅចាក់ដីធ្វើរបងលើដីនេះជាដីទ្រព្យរួមនៃម្ដាយនិងឪពុកខ្លួន បានរស់នៅរកស៊ីតែលើដីនោះហើយដីនោះអត់ពាក់ព័ន្ធនឹងឪពុកចុងទេ។ ឪពុកចុងឧស្សាហ៍ឃើញទៅលេងល្បែងម្ដុំផ្លូវចូលវត្តស្វាយចាស់(ចមសុទ្ធាវាស)ខាងលិចវត្តក្រោមគុម្ពឫស្សី ភូមិ១ សង្កាត់ព្រះពន្លា ផងនោះ បានបញ្ចេះអោយម្ដាយខ្លួនលក់ដីកេរនេះ យកលុយចាយវាយលេងល្បែងប៉ងបំផ្លាញគ្រួសារនេះឲ្យរលាយតែប៉ុណ្ណោះ។ ហេតុនេះខ្លួនអំពាវនាវនិងសូមជំទាស់កុំអោយនរណាហ៊ានមកទិញដីនេះដែលដាក់លេខទូរស័ព្ទ ០៩៧ ៤៨ ៩៤ ២៧២ បើមិនចង់មានរឿងរ៉ាវនោះទេ។ ខ្លួននឹងមិនចាកចេញពីលើដីនេះឡើយ។
មន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានអោយដឹងថា ពួកខ្លួនពុំបានជ្រាបពីករណីជម្លោះរឿងប្រកាសលក់ដីឡូត៏នៅតំបន់ទឹកជំនន់លិចនេះទេព្រោះពុំមានបណ្ដឹងចូលមក។ តែបើលក់-ទិញទាល់តែមានការស្រុះស្រួលគ្នាទាំងផ្លូវចិត្តនិងផ្លូវច្បាប់៕ដោយៈ នី នឿន