ភ្នំពេញ៖ គរុនិស្សិតជំនាន់ទី១៨គ្រប់ជំនាញនៃវិទ្យាស្ថានជាតិអប់រំបានបង្ហាញពីរបបគំហើយថ្មីៗតាមរយៈការតាំងពិព័រណ៍បង្ហាញពីឧបករណ៍កសិកម្ម រូបភាពវិទ្យាសាស្ត្រ និងគំនិតថ្មីជាច្រើនដែលបំរើឱ្យការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតគ្រប់កំរិតសិក្សាឱ្យទទួលបានជោគជ័យ។ក្នុងពិធីតាំងពិព័រណ៍វិទ្យាសាស្ត្រនៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី៨កក្កដាឆ្នាំ២០១៣ លោកទឹម វនគរុនិស្សិតជំនាន់ទី១៨ ឯកទេសភាសាអង់គ្លេស នៃវិទ្យាស្ថានជាតិអប់រំបានប្រាប់ឱ្យដឹងថា ការតាំងពិព័រណ៍វិទ្យាសាស្ត្រនេះ មានគោលបំណងចង់ឱ្យគរុនិស្សិតធ្វើការរួមគ្នាដើម្បីបង្កើតជាសម្ភារៈឧបទេសបំរើឱ្យការរៀនសូត្រ និងការបង្រៀននៅតាមមហាវិទ្យាល័យ វិទ្យាល័យ និងបឋមសិក្សា បង្កើតឱ្យមានគំនិតច្នៃប្រឌិតរកនូវអ្វីៗដែលថ្មី បង្កើតវិធីសាស្ត្របង្រៀនបែបថ្មីៗ បង្កើតឱ្យមានការប្រកួតប្រជែង ផ្សារភ្ជាប់ទ្រឹស្តី នឹងការអនុវត្តជាក់ស្តែង និងបណ្តុះស្មារតីអ្នកពាក់ព័ន្ធចូលរួមយ៉ាងសកម្មក្នុងការងារអប់រំ។
លោក ទឹម វនបន្តថា ការតាំងពិព័រណ៍នេះមានដាក់តាំងបង្ហាញposter និង បដាដែលមានសរសេរជារូបបន្ត ទ្រឹស្តី វិធីសាស្ត្របង្រៀនដែលអាចនាំឱ្យសិស្សងាយយល់ ងាយចាំ។ក្នុងនោះគរុនិស្សតផ្នែកជីវវិទ្យា បង្ហាញពីការពិសោធសត្វ រុក្ខជាតិ ផ្នែកគណិតវិទ្យា បង្ហាញពីការទាយជោគវាសនាតាមបែបគណិតវិទ្យា ផ្នែកព័ត៌មានវិទ្យា បង្ហាញពីការដំឡើងកម្មវិធីកុំព្យូទ័រ កម្មវិធីបញ្ចូលសំឡេង ផ្នែកសេដ្ឋកិច្ច បង្ហាញពីផលិតផលក្នុងស្រុក មានកាហ្វេ ស្ករត្នោត ស្រាទំពាំងបាយជូរខេត្តពោធិ៍សាត់ និងផ្នែកអក្សរសាស្ត្រខ្មែរមានដាក់តាំងបង្ហាញពីវចនានុក្រម ការតែងកំណាព្យជាដើម។
លោក រៀនចំរ៉ុង ជាគរុនិស្សិតម្នាក់ទៀតបានរៀបរាប់ថា ការតាំងពិព័រណ៍វិទ្យាសាស្ត្រនេះ មិនត្រឹមតែផ្តល់ឱកាសដល់គរុនិស្សិតគ្រប់ជំនាញបញ្ចេញនូវទេពកោសល្យ និងគំនិតថ្មីដែលកើតឡើងពីការស្រាវជ្រាវប៉ុណ្ណោះទេ វាក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតដល់ប្រជាពលរដ្ឋទូទៅ ក្នុងការមកទទួលយចំណេះដឹងពីការតាំងពិព័រណ៍នេះដែរ តាមរយៈអាន និងទស្សនា ការសាកសួរសាស្ត្រាចារ្យ និងគរុនិស្សិតគ្រប់ជំនាញ និងមានការសំដែងរឿងខ្លីអប់រំលើកស្ទួយវប្បធម៌ខ្មែរផងដែរ។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍វិទ្យាសាស្ត្រនេះ ធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ទី៨កក្កដាឆ្នាំ២០១៣រៀបចំឡើងដោយវិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំយុវជន និងកីឡាដោយមានការចូលរួមពីសិស្សនិស្សិត លោកគ្រូអ្នកក្រុមកពីស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋប្រមាណ២០០០នាក់៕ ដោយ៖ វិជ្ជា