ភ្នំពេញ ៖ កាលពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងបន្ទប់ផ្ទះជួលលេខ១០ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនក្រីក្រម្នាក់ព្រោះតែគ្មានលុយគ្រប់គ្រាន់ចូលស្តីដណ្តឹងនារីដែល ខ្លួនស្រឡាញ់ជាគូអនាគត ដោយសារថ្លៃបណ្តាការ (ថ្លៃទឹកដោះ)ថ្លៃពេកបានសម្រចចិត្តបញ្ចប់ជីវិតទាំងវ័យក្មេងដោយ ចងកធ្វើអត្តឃាតក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួនធ្វើឲ្យមានការ ភ្ញាក់ផ្អើលនិងសង្វេគជាពន់ពេក ។
បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ អាន អាយុ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ជាមួយក្រុមគ្រួសារ ក្នុងភូមិ-សង្កាត់កើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង។
មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូចេញពីធ្វើការដោយមាន ទឹកមុខស្រងូតស្រងាត់ និងក្រៀមក្រំហាក់ដូចជាមានរឿងអ្វីមួយគិតមិនចេញ ។ ពេលជិះម៉ូតូមកដល់បន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ ជនរងគ្រោះបានចូលក្នុងបន្ទប់បិទទ្វារជិតដោយពុំមានមាត់ករកអ្នក នៅបន្ទប់ក្បែរដូចសព្វដងឡើយ ។ លុះរហូតដល់ម៉ោងកើតហេតុខាងលើនេះម្តាយនិងអ្នកជិតខាងបានចេញមកពី ធ្វើការមកបន្ទប់ជួល ស្រាប់តែរុញទ្វារបន្ទប់ឃើញបុរសរងគ្រោះចងកក្នុងបន្ទប់ស្លាប់បាត់ ទៅហើយ ធ្វើឲ្យអ្នករស់នៅនិងអ្នកជួលបន្ទប់ក្បែរនោះមានការភ្ញាក់ផ្អើលនិង រន្ធត់ជាពន់ពេក និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកដល់បន្ទប់កើតហេតុដើម្បីធ្វើ កំណត់ហេតុនិងធ្វើកោសល្យវិច័យ ។
តាមសម្តីម្តាយជនរងគ្រោះបានឲ្យ ដឹងថា មុនពេលកើតហេតុប្រមាណ២-៣ថ្ងៃកូនប្រុសរបស់គាត់បានរអ៊ូរទាំថា បានស្រឡាញ់នារីម្នាក់ដែលនៅបន្ទប់ក្បែរគ្នា ហើយចង់ឲ្យគាត់ជាម្តាយចូលស្តីដណ្តឹងធ្វើជាគូអនាគត ។ ដោយសារស្ថានភាពក្រីក្រ និងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ឲ្យថ្លៃទឹកដោះគេ គាត់ជាម្តាយបានប្រាប់កូនវិញថា “គ្រួសារយើងក្រគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ថ្លៃទឹកដោះគេទេកូន តាមម៉ែស៊ើបសួរគេយកថ្លៃទឹកដោះរហូតដល់១.៥០០ដុល្លារឯងណោះម៉ែគ្មាន លុយទេ” ៕