ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៤នេះ កញ្ញា ធី សុវណ្ណថា មានអាយុ១៩ឆ្នាំ មានស្រុកកំណើត នៅក្រុងសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) រៀនថ្នាក់ទី១១ នៅសាលាឯកជនមួយ ក្នុងរាជធានីភ្នំពេញ មានបងប្អូនចំនួន៤នាក់ (ប្រុស៣ ស្រី១) ហើយកញ្ញា គឺជាកូនច្បងក្នុងគ្រួសារ។ ឪពុក ម្តាយ ជាអតីតអ្នកលក់មាស បច្ចុប្បន្ន ជាអ្នកជំនួញប្រកបរបរបោះដុំអំបោះនៅតាមផ្សារ ក្នុងរាជធានីភ្នំពេញ។ ហើយក្រុមគ្រួសារកញ្ញា បានចាកចេញពីខេត្តកំពង់ចាម មករស់នៅភ្នំពេញ នៅក្នុងឆ្នាំ២០០៣។
កញ្ញា ធី សុវណ្ណថា ឬ I Love Cambodia Hot News ដែលក្រុមអ្នកហ្វ៊េសប៊ុក (បណ្តាញសង្គម) ស្គាល់ថា ជាអ្នកលេងហ្វ៊េកប៊ុក មាននិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិ និងបានរិះគន់រដ្ឋាភិបាលគ្មានសំចៃ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងនៅក្នុងសកម្មភាពតវ៉ាផ្សេងៗរបស់កម្មករ និងប្រជាពលរដ្ឋបាត់បង់ដីធ្លី រួមទាំងសកម្មភាពតវ៉ាផ្សេងៗ។
កញ្ញា ធី សុវណ្ណថា បានលេចមុខនៅក្នុងយុទ្ធការនាការឃោសនាបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ និងបានធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងការជួយរកសំឡេងឆ្នោត ឲ្យគណបក្សសង្គ្រោះជាតិ។ បន្ទាប់ពីលេចមុខគ្រប់សកម្មភាព នៅក្នុងគណបក្សសង្គ្រោះជាតិ កញ្ញា សុវណ្ណថា ត្រូវបានប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ យល់ច្រឡំថា ជាកូនស្រីរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែធាតុពិត កញ្ញា គឺជាកូនអ្នកជំនួញ។ ហើយកញ្ញា ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានថតផ្តិតយករូបភាពរបស់កញ្ញា ទៅចុះផ្សាយផងដែរ ហើយបានធ្វើឲ្យកញ្ញា កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងសង្គមហ្វ៊េសប៊ុក។
កញ្ញា ធី សុវណ្ណថា បាននិយាយឲ្យដឹងថា កញ្ញា បានបង្កើតគណនី លេងហ្វេសប៊ុក នៅឆ្នាំ២០១១ ដោយប្រើឈ្មោះ I Love Cambodia Hot News ដោយសារតែមានបញ្ហា នៅក្នុងក្រុម កញ្ញាក៏បានសម្រេចចិត្ត ចេញមកបង្កើតគណនី ដោយប្រើឈ្មោះផ្ទាល់ខ្លួនគឺ ធី សុវណ្ណថា។ មូលហេតុដែលកញ្ញា ចាប់អារម្មណ៍បណ្តាញហ្វេសប៊ុក គឺអាចបង្ហោះរូបភាព និងជាវីដេអូ ពីសកម្មភាពផ្សេងៗ ដែលកើតមាននៅក្នុងសង្គមបាន។ ហើយដោយសារតែសង្កេតឃើញ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួន ដូចជា ទូរទស្សន៍ សារព័ត៌មាន វិទ្យុមួយចំនួន មិនបានផ្សាយពីទិដ្ឋភាពសង្គម និងអំពើអយុត្តិធម៌ផ្សេងៗ ទៅលើប្រជាពលរដ្ឋដែលទទួលរងគ្រោះ។ ដូច្នេះការចាប់អារម្មណ៍បណ្តាញសង្គម(ហ្វេសប៊ុក) គឺវាអាចផ្សាយព័ត៌មានពិតៗ នៅក្នុងសង្គម។
កញ្ញាបាន បន្តថា អ្វីដែលកញ្ញាចាប់អារម្មណ៍ ចូលក្នុងវិស័យនយោបាយ ហើយក៏សម្រេចចិត្តគាំទ្រគណបក្សសង្គ្រោះជាតិ ហើយកិច្ចការដែលបានចូលរួម ក្នុងសកម្មភាពនយោបាយ គឺចាប់តាំងពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣ និងការចូលរួមក្នុងការធ្វើបាតុកម្មនានា ដោយសារតែកញ្ញា បានឃើញនូវអំពើមិនប្រក្រតីមួយចំនួន។ ហើយបានចូលរួមជាមួយប្រជាពលរដ្ឋដែលបាត់បង់ដីធ្លី នៅក្នុងក្រុងភ្នំពេញ និងការតវ៉ាទាមទាររបស់កម្មករ។ ចាប់ពីពេលនោះមក ក៏មានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅ។ នៅក្នុងសកម្មភាពមនុស្សធម៌វិញ គឺកញ្ញាបានទទួលការគាំទ្រ ពីបងប្អូននៅក្រៅប្រទេស និងក្នុងស្រុក បាននាំយកថវិកា និងសំភារៈ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលជួបការ លំបាក គ្មានទីពឹង ក៏ដូចជាបាតុករ នាពេលកន្លងមក។កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន មកដល់ពេល នេះមានសមាជិកប្រមាណជា ១៩ ម៉ឺនាក់៕