ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ ឋិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុកខឿនសួនច្បារក្រោមស្ពានអាកាស ៧មករា បណ្តាលឲ្យរងការខូចខាតចំនួន៣ដុំ ហើយព្យាយាមបើករត់ តែត្រូវនគរបាលប្រចាំការក្រោមស្ពានចាប់ឃាត់បានទាំងរថយន្តនិង អ្នកបើកបរ ។
អ្នក បើកបររថយន្តមានឈ្មោះ ងួន ចំរើន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្តស្នាក់នៅយានដ្ឋានផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
មុនពេលកើតហេតុ គេឃើញរថយន្តហ្វត ១បាំងកន្លះ ពណ៌សម្បកឳឡឹក១គ្រឿង ពាក់ស្លាកលេខព្រៃវែង 2A-0611 បើកបរដោយបុរសខាងលើស្រវឹងស្រាជោកជាំ ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ក្រោមស្ពានអាកាស៧មករា ជាចំណុចផ្លូវកោង រថយន្តបានបត់ស្តាំបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនសួនច្បារ តែម្តង៕