ភ្នំពេញ៖ មន្ត្រីជំនាញបានពន្យល់ថាអ័ព្ទដែលបានកើតមានយ៉ាងក្រាស់នៅពេលព្រឹក និងពេលល្ងាចរយៈពេលប៉ុន្មានថ្ងៃនេះរហូតធ្វើឲ្យអ្នកបើកបរត្រូវ បើកភ្លើងទាំងថ្ងៃគឺកើតឡើងដោយសារនៅក្នុងបរិយាកាសមានសំណើមខ្ពស់។ បាតុភូតនេះវានឹងថយឥទ្ធិពលទៅវិញក្នុងរយៈពេលមួយសប្តាហ៍ទៀត។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជានាយកខុទ្ទកាល័យ ក្រសួងធន ធានទឹកនិងឧតុនិយមនិយាយឲ្យដឹងនៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៤ថា ស្ថានភាពអ័ព្ទយ៉ាងក្រាស់នៅពេលព្រឹកព្រលឹមនិងពេលល្ងាចដែលបាន កើតមានប៉ុន្មានថ្ងៃជាប់គ្នាមកនេះកើតឡើងដោយសារនៅក្នុងបរិយាកាសមាន សំណើមខ្ពស់និងស្ងប់ខ្យល់។ អ័ព្ទដ៏ក្រាស់នេះ វាមិនអាចក្លាយទៅជាពពកភ្លៀងទេ ហើយវានឹងថយចុះឥទ្ធិពលទៅវិញ ក្នុងរយៈពេលមួយសប្តាហ៍ទៀត។ អ័ព្ទដ៏ក្រាស់បានកើតមាននៅទូទាំងប្រទេស ជាពិសេសនៅតំបន់មានប្រភពទឹកនិងព្រៃឈើច្រើន។ នៅពេលព្រឹកនិងពេលល្ងាចដែលមានអាកាសធាតុត្រជាក់អ័ព្ទបានកើតឡើងយ៉ាង ក្រាស់តែវារលាយទៅវិញនៅពេលមានកម្តៅថ្ងៃខ្លាំង។ បាតុភូតនេះវាបានកើតមានបន្ទាប់ពីអាកាសធាតុដ៏ត្រជាក់ទើបបាន កន្លងផុតទៅ។
អាកាសធាតុក្នុងរដូវប្រាំងនេះមិនក្តៅខ្លាំងទេ។ សីតុណ្ហភាពអាចស្ថិតនៅក្នុងរង្វង់៣៧អង្សាសេ លើកលែងតែនៅតំបន់ទំនាបកណ្តាលភាគពាយ្យនិងខ្ពង់រាបភាគឦសាន( ស្ទឹងត្រែងនិងក្រចេះ)សីតុណ្ហភាពអាចឡើងដល់កម្រិត៣៩អង្សាសេរយៈពេល ពីរទៅបីថ្ងៃនៅក្នុងខែមេសា។ក្រសួងកំពុងតែបន្តធ្វើការតាមដានយ៉ាង យកចិត្តទុកដាក់ចំពោះស្ថានភាពអាកាសធាតុក្នុងរដូវប្រាំងនេះ៕