ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមបទចោទប្រកាន់កាត់ទឹក ដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុងទៅឲ្យវៀតណាម។
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ការប្តឹងរបស់ក្រុមយុវជន លើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាសិទ្ធរបស់បុគ្គល ហើយរាជរដ្ឋាភិបាល ក៏មិនព្រួយបារម្ភ ឬខ្វាយខ្វល់លើផងដែរ ពីបណ្ដឹងនេះ។
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅក្រោយការដាក់ពាក្យបណ្តឹងនេះថា «ការប្ដឹង គឺជាសិទ្ធរបស់បុគ្គល ដូច្នេះការ ប្រើប្រាស់ដែនសមត្ថកិច្ចរបស់តុលាការ គឺជាសិទ្ធរបស់គេ សម្រាប់រាជរដ្ឋាភិបាល យើងឈរជាគ្រឹះយ៉ាងមាំក្នុងកិច្ច ការការពារបូរណភាពទឹកដី ស្របទៅតាមច្បាប់។ ចំណុចមួយទៀត អ្វីដែលរាជរដ្ឋាភិបាលធ្វើ ធ្វើទៅតាមអ្វីដែល ច្បាប់បានចង្អុលបង្ហាញ។ រីឯការប្ដឹងផ្តល់ ជាសិទ្ធិរបស់បុគ្គលយើងទុកឲ្យតុលាការ ជាអ្នកដោះស្រាយលើបញ្ហានេះ ចុះ»។
សូមបញ្ជាក់ថា នេះជាករណីទី២ហើយ ដែលយុវជនបានប្រើប្រាស់តួនាទីរបស់ខ្លួនជាយុវជនស្នេហាជាតិ ប្ដឹងទៅ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក្រោមបទចោទប្រកាន់ផ្សេងៗគ្នា។ គេនៅចាំបានថា លោក សួង សុភ័ណ្ឌ យុវជនមកពីគណបក្សសង្គ្រោះជាតិ ធ្លាប់បានប្ដឹងសម្តេចតេជោម្តងមកហើយ ពីបទឃាតកម្មគិតទុកជា មុន ក្នុងករណីមនុស្សរត់ជាន់គ្នាលើស្ពានពេជ្រ ដែលបណ្តាលឲ្យមនុស្ស ៣៥៣នាក់ស្លាប់ កាលពីឆ្នាំ២០១១។
ដោយឡែកសម្រាប់ លោក នាង សុឃុន ប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ បានប្ដឹងសម្ដេចនាយករដ្ឋមន្ត្រី ពីបទកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុងទៅឲ្យវៀតណាមដោយខុសច្បាប់ ដែលធ្វើឲ្យបាត់បង់នៅ អធិបតេយ្យភាពរបស់ខ្មែរជាច្រើន។
ថ្លែងនៅចំពោះអ្នកកាសែតមុខតុលាការសាលាដំបូងរាជធានីភ្នំពេញលោក នាង សុឃុន បន្តថា «ខាងតុលាការ បានទទួលយកពាក្យបណ្ដឹងរបស់លោកហើយ ប៉ុន្តែចំពោះការឆ្លើយតបបែបណាពីខាងតុលាការនោះ លោកនៅ មិនទាន់ទទួលបានចម្លើយនៅឡើយទេ តែខ្ញុំបញ្ជាក់ថា ប្រសិនបើតុលាការមិនរកដំណោះស្រាយលើពាក្យបណ្ដឹង នេះទេ ខ្ញុំនឹងដឹកនាំក្រុមយុវជនធ្វើបាតុកម្មប្រឆាំងនឹងតុលាការ»៕