ភ្នំពេញ៖ កម្ពុជាមានកន្លែងសម្រាប់សេវាព្យាបាលដោយឱសថប្រឆាំង និងមេរោគអេដស៍ និងជំងឺឱកាសនិយមចំនួន៦១កន្លែងសំរាប់មនុស្សចាស់និង៣៤កន្លែងសំរាប់កុមារ នៅទូ ទាំងប្រទេស។ទីប្រឹក្សាអមក្រសួងសុខាភិបាលនិងជានាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធ និង ជំងឺអេដស៍ សើស្បែក កាមរោគ លោកវេជ្ជបណ្ឌិត មាន ឈីវុន បានឲ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍កម្ពុជាប្រមាណ៧២៥១២នាក់កំពុងសម្រាកទទួលសេវានេះ ក្នុងនោះអ្នកជំងឺដែលត្រូវការឱសថប្រឆាំងមេរោគអេដស៍ ឬ ឱសថពន្យារអាយុជីវិតចំនួន៥៣៣៤០នាក់ ហើយរហូតមកដល់ពេលនេះមានអ្នកផ្ទុកជំងឺអេដស៍ប្រមាណជាង៤៨៣៦២នាក់ ក្នុងនោះមានកុមារ៤៥៣៣នាក់បានទទួលការព្យាបាលដោយឱសថខាងលើនេះ។
លោកបានលើកឡើងថា កម្ពុជាបានទទួលជោគជ័យគួរជាទីមោទនៈក្នុងការកាត់បន្ថយអត្រា ឆ្លងមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុចាប់ពី១៥ឆ្នាំដល់អាយុ៤៥ឆ្នាំ។ នៅឆ្នាំ១៩៩៨កម្ពុជាមានអត្រាផ្ទុកជំងឺអេដស៍ខ្ពស់ គឺមានប្រមាណ២%ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ ការប្រើប្រាស់ស្រោមអនាម័យ១០០%នៅក្នុងឆ្នាំ១៩៩៩មកអត្រាឆ្លងជំងឺអេដស៍បានធ្លាក់ចុះជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ននេះនៅត្រឹមប្រមាណ៧២៥១២នាក់ហើយកំពុងបន្តធ្លាក់បន្តទៀតនាពេលខាងមុខ។ មោទនៈភាពនេះបានធ្វើឲ្យកម្ពុជាទទួលបានការសរសើរពីអង្គការសហប្រជាជាតិ ថាជាប្រទេសមួយឈានមុខគេក្នុងការកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍។
បើទោះជាយ៉ាងនេះក៏ដោយ ក៏លោកបង្ហាញឆន្ទៈថាកម្ពុជាមិនត្រូវធ្វេសប្រហេសជាមួយជម្ងឺឱកាសនិយមផ្សេងៗទៀតនោះទេ ម្យ៉ាងទៀតយើងនៅមានការងារជាច្រើនដែលត្រូវធ្វើក្នុង ការកាត់បន្ថយអត្រាឆ្លងថ្មីនៃជំងឺអេដស៍ និង ឈានទៅលប់បំបាត់ជំងឺនេះតាមផែនការរបស់អង្គការសុខភាពពិភពលោកនាឆ្នាំ២០២០ឲ្យបានជាស្ថាពរ។
លោកវេជ្ជបណ្ឌិត ឈីវុន បញ្ជាក់ថា យើងការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើយ៉ាងណា កាត់បន្ថយការឆ្លងជំងឺនេះឲ្យកាន់តែមានកម្រិតទាបបំផុតតាមតែអាចធ្វើទៅបាន ដើម្បីសំរេច តាមផែនការរបស់អង្គការសុខភាពពិភពលោកដែលបានកំណត់ថានៅឆ្នាំ២០១៥ កាត់បន្ថយការឆ្លងថ្មីក្រោម៥% និង ឆ្នាំ២០២០កាត់បន្ថយនិងលប់បំបាត់នៃការឆ្លងថ្មីឲ្យបានក្រោម២% ពោលគឺក្រោម៣០០នាក់ក្នុង១ឆ្នាំ។
ដោយឡែក វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា សម្តេច តេជោ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អាទិភាពលើជំងឺអេដស៍។ ព្រមទាំងបានចុះផ្ទាល់លើការងារនេះ ដោយលោកបានចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយអ្នកជំងឺតាមមន្ទីរពេទ្យ ឬតាមសហគមន៍ ដើម្បីជាការលើកទឹកចិត្តនិងអប់រំណែនាំដល់អ្នកជំងឺនិងប្រជាពលរដ្ឋទូទៅ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់មានការយល់ដឹងនិងវិធីការពារខ្លួនកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះព្រមទាំងជម្ងឺឱកាសនិយមផ្សេងៗទៀត។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ជំងឺអេដស៍នៅកម្ពុជានៅមិនទាន់ចប់នៅឡើយទេ ជំងឺនេះនៅតែបន្តគំរាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជានៅឡើយ ពិសេសនៅពេលយើងធ្វេសប្រហេស និងមិនមានការទប់ស្កាត់ ហើយវិធានការប្រើប្រាស់ស្រោមអនាម័យនៅតែមានអទិភាពចាំបាច់សម្រាប់ការទប់ស្កាត់ និងការឆ្លងជំងឺអេដស៍នៅកម្ពុជា៕ ដោយ៖ វិជ្ជា