ភ្នំពេញ៖ មន្ត្រីការទូតជាន់ខ្ពស់ជប៉ុន បានធ្វើការជំរុញ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ គណបក្សប្រជាជន កម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បន្តការចរចាគ្នាឡើងវិញ ឲ្យបានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីទម្លុះទម្លាយភាពជាប់គាំង នយោបាយក្រោយ ការបោះឆ្នោត ជាតិឆ្នាំ២០១៣ ដែលកំពុងបន្ត អូសបន្លាយមកដល់ ពេលបច្ចុប្បន្ននេះ ។
លោក គូម៉ាម៉ារ៉ូ យូជី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានធ្វើការជំរុញបែបនេះ ក្នុងកិច្ចជំនួបទ្វេភាគី ដោយបិទទ្វារ ជាង១ម៉ោងជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី២៩ ខែមករានេះ នាទីស្តីការក្រសួងមហាផ្ទៃ ។
លោក បន្តថា រាជរដ្ឋាភិបាលជប៉ុន បាននឹងកំពុងមានការ ចាប់អារម្មណ៍ យ៉ាងខ្លាំង ចំពោះស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ហើយជប៉ុនមានបំណងចង់ ឲ្យភាគីនយោបាយ នៃគណបក្សទាំងពីរ ធ្វើយ៉ាង ណាបន្តការអត់ធ្មត់ និងស្វែងរកដំណោះស្រាយ តាមរយៈការចរចាគ្នា ឡើងវិញឲ្យបានកាន់តែឆាប់។
ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គណបក្សប្រជាជន កម្ពុជា នៅតែបើកទ្វារសម្រាប់បន្តការចរចាគ្នា ជាមួយគណបក្សប្រឆាំង។ ប៉ុន្តែរាល់ការចរចាម្តងៗ ជំហររបស់គណបក្សប្រឆាំងតែងតែមានការផ្លាស់ប្តូរជានិច្ច។
ការធ្វើបាតុកម្មមិនមែនជាដំណោះស្រាយ ចំពោះបញ្ហានយោបាយ នៅក្នុងប្រទេស កម្ពុជានោះទេ ។ បាតុកម្មមានតែធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានភាពតានតឹង និងមានការប្រឈមមុខគ្នា រវាងបាតុករ និងកម្លាំងសមត្ថកិច្ចតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ក្នុងរសៀលថ្ងៃដដែលនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជួបសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតទូកគីប្រចាំកម្ពុជាផងដែរ៕