ភ្នំពេញ ៖មហាជនជាច្រើនបានរងការរិះគន់កាន់តែខ្លាំងចំពោះ ម្ចាស់ផ្សារឯកជនប៉េង ជ្រី ដែលធ្លាប់មានរឿងចម្រូងចម្រាសជាមួយប្រធានផ្សាររដ្ឋព្រែកព្នៅ និងប្រជាពលរដ្ឋដោយសារតែប្រធានផ្សារខាងលើនេះ បានអនុញ្ញាតឱ្យអាជីវកររបស់ខ្លួនយកផ្លូវនិងចិញ្ចើមផ្លូវ សម្រាប់ការលក់សឹងតែពេញតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ ជាថ្នូរនឹងការបង់លុយភាស៊ីបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ជាពិសេសពេលព្រឹកនិងល្ងាច ទោះជាផ្លូវនេះទើបនឹងធ្វើហើយមានលក្ខណៈធំទូលាយហើយក្តីក៏ដោយ។
ផ្លូវដែលត្រូវប្រធានផ្សារប៉េង ជ្រី បាន អនុញ្ញាតឱ្យអាជីវកររបស់ខ្លួនដាក់តាំងលក់ ទំនិញ និងបន្លែបង្កាធ្វើឱ្យកកស្ទះចរាចរណ៍និងខូចសណ្ដាប់ធ្នាប់សាធារណៈ គឺត្រូវបានស្ថាបនាក្រោមថវិការបស់សាលារាជធានីភ្នំពេញ ដោយចាប់គិតពីផ្លូវជាតិលេខ៥បត់ចូលទៅកាន់ភ្នំប្រសិទ្ធ (ផ្លូវលេខ ១៥១)។
ដោយឡែកចាប់ពីមុខផ្សារប៉េង ជ្រី រហូត ដល់មុខវត្ដព្រែកព្នៅ ត្រូវបានសាងសង់ឡើងជាបេតុង ប្រភេទក្រាស់ដែលតាមការអះអាងរបស់អាជ្ញាធរ គឺផ្លូវបេតុងនេះធានាបានទាំងគុណភាព និងទំហំដើម្បីកំណត់ ចិញ្ចើមផ្លូវ បញ្ចៀសបាននូវការដាក់លក់លើចិញ្ចើមផ្លូវនាំឱ្យមានការកកស្ទះចរាចរណ៍។
ទោះជាយ៉ាងណាក៏ដោយ មហាជនដែលធ្វើ ដំណើរឆ្លងកាត់ផ្លូវលេខ ១៥១ បាននាំគ្នារិះគន់គ្រប់ៗគ្នា ទៅលើប្រធានផ្សារដែលគិតពី ប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការទារភាស៊ី ពីក្រុមអាជីវករទាំងនោះ ដោយមិនគិតពីបញ្ហាសណ្ដាប់ធ្នាប់និងការកកស្ទះចរាចរណ៍ ដោយបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លង កាត់ទីនោះជាពិសេសថ្ងៃសៅរ៍-អាទិត្យ ដែលម្នាក់ៗបានធ្វើដំណើរឆ្លងកាត់ ដើម្បីទៅលេងកំសាន្ដនៅភ្នំប្រសិទ្ធ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួន បានឱ្យដឹងថា ក្រោយពីសង្កេតឃើញការកកស្ទះចរាចរណ៍ គេឃើញមានវត្ដមានសន្ដិសុខ សាលាសង្កាត់ និងនគរបាលមូលដ្ឋានប៉ុស្ដិ៍ព្រែកព្នៅ ទៅជួយវែកផ្លូវ ប៉ុន្ដែសកម្មភាពនេះធ្វើឡើងដូចជាវែកចកពោលពេល សមត្ថកិច្ចទៅបាត់អស់ ក្រុមអាជីវករបានយកឥវ៉ាន់មកដាក់លក់នៅលើចិញ្ចើមផ្លូវដដែល។ ប្រជាពលរដ្ឋបានលើកឡើងទៀតថាបើទោះបីមានសមត្ថកិច្ចប៉ុន្មាននាក់ក៏ដោយ ក៏មិនអាចជួយសម្រួលចរាចរណ៍បាននោះទេហើយរឿងដែលសំខាន់នោះគឺ ប្រធានផ្សារមិនមានឆន្ទៈដោះស្រាយបញ្ហានេះ៕ ដោយ៖ ព្រហ្ម វិលៀម