បន្ទាយមានជ័យ៖ ផ្ទះឈើលើថ្មក្រោម១ខ្នងរបស់មន្ត្រីពន្ធនាគារដែនៅជិតពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានអគ្គីភ័យឆាបឆះអស់គ្មានសល់បន្ទាប់ពីផ្ទុះសេខ្សែភ្លើងរត់ជាន់ជើងគ្នា កាលពីព្រលប់ម៉ោង ៧: ៣០ថ្ងៃទី ២៨ មករា ២០១៤ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ផ្ទះដែលត្រូវភ្លើងឆេះនោះគឺជាផ្ទះរបស់មន្ត្រីពន្ធនាគារម្នាក់មានឈ្មោះ ចន្នី និងឆេះខណៈលោកបានចេញពីផ្ទះទៅមើលយាយឈឺនៅមន្ទីរពេទ្យ ។ លោក សេន សារឿន ត្រូវជាឪពុកមារបស់ឈ្មោះ ចន្នី ដែលជាជនរងគ្រោះ បានអោយដឹងថា ខណៈរូបគាត់កំពុងអង្គុយលេងជាមួយបងប្អូននៅក្នុងផ្ទះស្រាប់តែឮសូរសម្លេងផ្ទុះយ៉ាងខ្លាំងរួចក៏មានភ្លើងឆេះតែម្តង ឃើញដូចនេះគាត់បានចាប់ដៃបងប្អូន និងចៅរត់ចេញមកក្រៅពពេញភាពភ័យក្លាច និងតក់ស្លុតជាខ្លាំង ។ ភ្លាម ៗ នោះបងប្អូនប្រជាពលរដ្ឋបាននាំគ្នីគ្នាជួយធ្វើការពន្លត់យ៉ាងសកម្មទើបធ្វើអោយភ្លើងមិនអាចរៀលទៅឆេះផ្ទះដទៃទៀត និងធ្វើអោយសំទុះភ្លើងមានការថយចុះ និងរលត់អស់នៅវេលាម៉ោង ៨និង៣០ បន្ទាប់ប្រើរថយន្តដឹកទឹកចំនួន២គ្រឿងរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ផងដែរថា នេះគឺជាករណីទី ៣ ហើយនៅដើមឆ្នាំ ២០១៤នេះ ដែលអគ្គីភ័យបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ៕
ដោយ សឹង្ហ