ព្រះវិហារ៖ កាលពីវេលាម៉ោង 3និង45 នាទី ថៃ្ងទី28 ខែមករា ឆ្នាំ2014 ។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងនៅលើកំណាត់ ផ្លូវជាតិ លេខ 62 ត្រង់ចំណុច ស្ទឹងសែនមនោរម្យ ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បណ្តាលមក ពីអ្នកបើករថយន្តប៊ុកស៊ឺរ (គោយន្តច្នៃ) បើកធា្លក់ផ្លូវក្រឡាប់ មួយត្រឡប់ តែម្នាក់ឯង ដោយសារតែងងុយដេក បណ្តាលឲ្យអ្នកបើករថយន្តរងរបួសធ្ងន់ និងអ្នកជិះលើរថយន្ត រងរបួសធ្ងន់ស្រាល៤នាក់។
មុនពេលកើតហេតុ គេសង្កេតឃើញមាន រថយន្ត ប៊ុកសឺរ ពណ៌ស្លែចាស់ពាក់ ស្លាកលេខ ៦A.0093 ព្រះវិហារ បើកបរដោយ ឈ្មោះ ហេង ផូរ៉ា ឈ្មោះហៅក្រៅ ជ្រូក ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុករវៀង ខេត្តព្រះវិហារ បានដឹកជ័រទឹកពេញ រថយន្ត និងមានមនុស្សជិះចំនួន ៤នាក់ បើកបរពីស្រុកជាំក្សាន្ត មកទីរួមខេត្តព្រះវិហារ លុះមកដល់កន្លែងកើតហេតុ អ្នកបើកបរ ក៏ងងុយដេក ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ មួយត្រឡាប់ ធ្វើឲ្យអ្នកបើកបរ រងរបួសធ្ងន់ និងអ្នកជិះរបួសធ្ងន់ម្នាក់ របួសស្រាល៣នាក់ ហើយអ្នកទាំង៥ រងរបួសធ្ងន់ស្រាលនោះត្រូវដឹកមកព្យាបាល នៅពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ចំណែកជ័រទឹកនៅលើ រថយន្តត្រូវធ្លាក់បែកខ្ទេចពេញថ្នល់ ៕