ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅផ្លូវលេខ៤៨៨ ក្បែររង្វង់មូល ផ្សារដើមថ្កូវ ឋិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។រថយន្ដដឹកដែកមួយគ្រឿងជាប្រភេទរថយន្ដស្ទូច ដែលមានផ្ទុកដែកពេញរថយន្ដមានទម្ងន់ជាច្រើនតោន ដែលជាហេតុធ្វើរថយន្ដបើកឡើងចំណោតមិនរួច រអិលថយក្រោយជាន់ហ្វ្រាំងមិនស៊ី ក៏បុករថយន្ដដែលបើក មកពីក្រោយចំនួន៣គ្រឿងទៀត បណ្ដាលឱ្យខូចខាតយ៉ាងដំណំ ។
ដំបូងរថយន្ដបង្កបានបើកតាមបណ្ដោយផ្លូវលេខ៤៨៨ ពីរង្វង់មូលផ្សារដើមថ្កូវឡើងចំណោតទៅផ្លូវលេខ២៧១ ខណៈដែលកំពុងបើកឡើង ដោយសាររថយន្ដមានដឹកដែកធ្ងន់ពេកឡើងមិនរួចក៏រអិលក្រោយ ពេលនោះអ្នកបើកបានជាន់ហ្វ្រាំងតែមិនជាប់ ក៏ជ្រុលបុករថយន្ដដែលនៅពីក្រោយបន្ដគ្នា ចំនួន២គ្រឿង បណ្ដាលឱ្យខូចខាតតែម្ដង ប៉ុន្ដែសំណាងមិនបង្កឱ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ។
ប្រភពព័ត៌មានបាន ឱ្យដឹងថា រថយន្ដបង្កជាប្រភេទរថយន្ដស្ទូចពាក់ស្លាកលេខភ្នំពេញ 3A-0403 ។ ចំណែករថយន្ដ រងគ្រោះទាំង៣គ្រឿងម៉ាករ៉េវហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F-6541, រថយន្ដទីម៉ាកដេវូ ពាក់ស្លាកលេខភ្នំពេញ 2Q-6760 និងរថយន្ដទី៣ម៉ាកគីយ៉ា ពាក់ស្លាកលេខភ្នំពេញ 2U-8643 ។ ចំណែករថយន្ដបង្កពាក់ស្លាកលេខភ្នំពេញ 3A-0403 ៕