ភ្នំពេញ ៖បន្ទាប់ពីរងនូវព្យុះព័ត៌មាននៃការបែកបាក់របស់តារាចម្រៀង បុរសមាឌធំរូបសង្ហា មានទឹកដមសំនៀង ក្រអួនក្រអៅ លោក សាពូន មីដាដាស្រាប់តែថ្មីនេះតារាចម្រៀងរូបនេះ បានបង្ហាញ រូបភាពផ្អែមល្ហែម ជាមួយភរិយា រូបស្រស់សោភា អ្នកនាង សឿ សុធារ៉ាក្នុងថ្ងៃខួបកំណើតកូន ស្រីសំណប់ចិត្ត ។ ក្នុងនោះលោក និងភរិយាក៏បានរំលេចរូបភាព ផ្អែមល្ហែមជាច្រើន ក្នុងន័យចង់បិទទំព័រ ពាក្យចចាមអារ៉ាមដែលតែងតែបោកបក់ ទៅលើគ្រួសាររបស់លោក ។
រូបថតជាច្រើនសន្លឹក ត្រូវបានតារាចម្រៀងចាស់វស្សា លោក សាពូន មីដាដានិងភរិយា អ្នកនាង សឿ សុធារ៉ា បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ជាសាធារណៈ ដោយរូបថតទាំងអស់នោះ បានស្តែងឲ្យ ឃើញ ពីសុភមង្គលសេចក្តីសុខរបស់គ្រួសារអ្នកសិល្បៈមួយគូនេះ ដែលកន្លងមកធ្លាប់ ត្រូវបានព្យុះព័ត៌មាន បោកបក់ទៅប៉ះ និងរឿងស្នេហាប្រះស្រាំ មិនឈប់មិនឈរ ពោលម្តងលេចឮដំណឹងថាបែកបាក់គ្នាដោយសារតែមាន អ្នកទី៣ ជ្រែកស្នេហ៍ និងម្តងទៀតមានការលើកឡើងថាតារាប្រុសស្រីមួយគូនេះ បានសម្រេច ចិត្តលែងលះគ្នាស្ងាត់ៗ។ តែនៅទីបំផុតប្រភពពាក្យចចាមអារ៉ាមទាំងអស់ ក៏ត្រូវសាបរលាបទៅវិញអស់គ្មានសល់ ក្រោយពីគូស្នេហ៍ មួយនេះ បានព្យាយាមបកស្រាយ និងបង្ហាញពីរូបភាពសិ្នទ្ធស្នាលជាមួយគ្នាយ៉ាងមានសេចក្តីសុខ ជា បន្តបន្ទាប់មកនេះ ។
កាលពីពេលថ្មីៗកន្លងមកនេះ ស្វាមីភរិយាមួយនេះ បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនស្រីបណ្តូលចិត្ត របស់ ពួកគេ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤នៅក្នុងហាងខារ៉ាអូខេ មួយកន្លែង ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមិត្តសិល្បករសិល្បៈការិនី ល្បីឈ្មោះ មួយចំនួន បានចូលរួមអបអរសាទរក្នុងពិជីជប់លៀងនោះ យ៉ាងសប្បាយរីករាយផងដែរ ។ ជាមួយគ្នានេះ គេសង្កេតឃើញថា លោក មីដាដា និងភរិយា ហាក់ដូចជាបង្កើនភាពសិ្នទ្ធស្នាល ជាមួយគ្នាខុសប្លែក ពីលើកមុនដោយពួកគេបានថតរូបភាព ជាច្រើនសន្លឹក បង្ហោះនៅពេញ Facebook ដើម្បីបញ្ចប់ព័ត៌មាន ដែលធ្លាប់លេច ឮកន្លងមក ៕