ប៉ោយប៉ែត៖ រយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ក្រុមសមត្ថកិច្ចប៉ូលិស និងប៉េអឹម បានចុះ ឃាត់ខ្លួន ជនសង្ស័យ ទទួលផលចោរកម្ម ចំនួន២នាក់ នៅតំបន់ជាយដែនកម្ពុជា ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៍មាន ពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ កំលាំងកងរាជ អាវុធហត្ថក្រុង បានចុះឃាត់ខ្លួនបុរស ជាជនសង្ស័យ ម្នាក់ឈ្មោះជីប វុធ អាយុជាង៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ចំណុចដើមស្រល់ ប្លុកអគារ កាស៊ីណូហ្គោឌិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្នុងបទបានទទួល បញ្ចាំផលចោរកម្ម ម៉ូតូម៉ាកC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ០១១ មួយគ្រឿង ពីជនសង្ស័យម្នាក់ ។
បន្ទាប់មក នៅល្ងាចថ្ងៃដដែល កំលាំងនគរបាល នៃអធិការដ្ឋាន ក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ស្រី្តម្នាក់ឈ្មោះទឹម វណ្ណា អាយុ៤៩ឆ្នាំ មានមុខរបរ ជាថៅកែហាង លក់ម៉ូតូ មួយកន្លែង ស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយស្ត្រីជាថៅកែហាងរូបនេះ បានទទួលទិញ ម៉ូតូម៉ាកស្កូពី ពណ៌ស ស៊េរី០១៤ អត់ពន្ឋ មួយគ្រឿង ពីស្ត្រីម្នាក់បំរើការ នៅហាងខារ៉ាអូខេ យីហោពន្លឺនាគទិព្វ១ ។
សមត្ថកិច្ច ប៉ូលិស និងប៉េអឹម ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យ ប្រុស ស្រីទាំ២នាក់ ខាងលើ ដែលទទួល ទិញ និងបញ្ចាំផលពីបទចោរកម្មទាំងនេះ គឺយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ២នាក់ផ្សេងៗគ្នាតែម្តងដែលបានមក ប្តឹងដល់សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ រកយុត្តិធម៌ដល់ពួកគាត់ជា ជនរងគ្រោះ ។
សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យប្រុស ស្រី ទាំង២នាក់ដែល ឃាត់ខ្លួនពីបទទទួលផលចោរកម្ម នោះក្រោយពេល សួរនាំរួច រួមទាំងវត្ថុតាង ត្រូវបានកំលាំងជំនាញ កសាងសំណុំរឿ ងបញ្ជូនបន្ត ទៅតុលាការដើម្បីចាត់ការតាមច្បាប់តែម្តង ៕ ដោយ ខៀវ បូរី