កណ្តាល ៖ ជនជាតិខ្មែរឥស្លាមម្នាក់បានស្លាប់ រីឯប្រពន្ធបានរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះទាំង២បើកម៉ូតូរ៉ឺម៉កតាមបណ្តោយផ្លូវជាតិ លេខ៥ដើម្បីដើរទិញអេតចាយ ហើយត្រូវរថយន្តក្រុងរបស់ក្រុមហ៊ុនពន្លឺ ខ្មែរអង្គរបើកបុកទាំងកំរោលកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទេន ស្រុកពញាឮ ខេត្តកណ្តាល។
លោក ដួង តេង អធិការស្រុកពញាឮបានឲ្យដឹងថា រថយន្តក្រុងបង្កហេតុនោះជារបស់ក្រុមហ៊ុនពន្លឺខ្មែរអង្គរ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 3A-9808 បានបើកបុកម៉ូតូម៉ាកគុបមូល ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ-ព១ខ ៧២៦៣ មានសណ្តោងរ៉ឺម៉កដឹកអេតចាយក្នុងទិសដៅច្រាសគ្នាបណ្តាលឲ្យ អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កម្នាក់ស្លាប់និងអ្នករួមដំណើរដែល ត្រូវជាប្រពន្ធជនរងគ្រោះបានរងរបួសធ្ងន់ ហើយត្រូវបានដឹកយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកអ្នកបើកបររថយន្តក្រុងបានរត់គេចខ្លួនបន្សល់រថយន្តនៅកន្លែង កើតហេតុ និងអ្នកដំណើរជាច្រើននាក់។
អធិការស្រុកពញាឮបានបន្តឲ្យដឹង ថា ជនរងគ្រោះឈ្មោះស៊ុយ សាលី អាយុ២៧ឆ្នាំ ចំណែកប្រពន្ធដែលរួមដំណើរជាមួយដែលបានរងរបួសធ្ងន់ឈ្មោះសុខ ទីន អាយុ២៣ឆ្នាំ មានទីលំនៅៗភូមិលេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមសាក្សីនៅកន្លែងកើតហេតុ គេបានដឹងថា នៅមុនកើតហេតុគេឃើញររថយន្តក្រុងបើកក្នុងទិសដៅពីជើងទៅត្បូងសំដៅទៅ ភ្នំពេញ ។ លុះមកដល់ចំណុចកើតហេតុខាងលើបានបើករេចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺ ម៉កដែលបើកច្រាសទិសគ្នាពេញមួយទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូ សណ្តោងរ៉ឺម៉កម្នាក់ស្លាប់ភ្លាមមួយរំពេច និងអ្នករួមដំណើរដែល ត្រូវជាប្រពន្ធអ្នករងគ្រោះបានរងរបួសធ្ងន់ ។
ក្រោយកើតហេតុកម្លាំងនគរបាល មូលដ្ឋានបានចុះធ្វើការវាស់វែងរួចយានជំនិះទាំង២ទៅរក្សាទុក នៅអធិការដ្ឋានចាត់ការតាមនីតិវិធី ។ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ព្រហ្ម ពៅ