ភ្នំពេញ ៖ តាមរយៈកិច្ចប្រជុំរយៈពេល២ម៉ោងរវាងអាជ្ញាធរ រាជធានីភ្នំពេញ និងតំណាងសមាគម និងសហជីពចំនួន៩នៅព្រឹកថ្ងៃទី២៣ មករា គឺអាជ្ញាធររាជធានីភ្នំពេញបានសម្រេចមិនអនុញ្ញាតឱ្យសហជីព និងសមាគមទាំង៩នោះ ជួបជុំគ្នាធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃទី ២៦ មករា ឡើយ ។
មូលហេតុដែលអាជ្ញាធរសម្រេចមិនឱ្យមានការ ធ្វើបាតុកម្ម ត្រូវបានលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបញ្ជាក់ថា កន្លងមកយើងបានអនុញ្ញាតឱ្យមានបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បង្កឱ្យមានបញ្ហាក្នុងសង្គមរហូតដល់មានមនុស្សស្លាប់និង របួសមួយចំនួន ។ ដូច្នេះហើយបានជាសាលារាជធានីភ្នំពេញបានជូនដំណឹងដល់សាធា រណជននិងអង្គការសង្គមស៊ីវិលមួយចំនួន ឱ្យផ្អាកការជួបជុំនៅទីតាំងណាមួយ ដោយរង់ចាំសភាពការណ៍វិលទៅរកភាពធម្មតាឡើងវិញ ។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី១៩ មករា ក្រុមសមាគមរបស់លោក វន់ ពៅ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ បានជួបជុំបួងសួងនៅមុខព្រះបរមរាជវាំង ហើយត្រូវបានសមត្ថកិច្ចរារាំង បំបែក និងចាប់ខ្លួនតំណាងម្នាក់តែក៏បានដោះលែងវិញនៅថ្ងៃបន្ទាប់ ។ អាជ្ញាធរសំអាងថា ការជួបជុំនោះមិនបានជូនដំណឹងនិងសុំច្បាប់ពីអាជ្ញាធរ ។
យោងតាមកំណត់ហេតុរបស់សាលារាជធានីភ្នំពេញ អំពីកិច្ចប្រជុំពិភាក្សាស្តីពីការជូនដំណឹងធ្វើបាតុកម្មរបស់សហ ព័ន្ធសហជីពនិងសមាគមទាំង៩ នៅថ្ងៃទី២៦ មករា គឺសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឡើយ ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ មករា បានលើកឡើងថា ចំពោះការជូនដំណឹងធ្វើបាតុកម្មនៅថ្ងៃទី២៦ មករា ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច នៅទីលានប្រជាធិបតេយ្យនោះ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតជូនឡើយ ។ ប៉ុន្តែសាលារាជធានីភ្នំពេញ នឹងនាំយកសំណូមពររបស់តំណាងសហជីពទាំង៩នេះ ទៅជូនស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយបន្ត ហើយតំណាងសហព័ន្ធសហជីព និងសមាគមទាំង៩ អាចចាត់តំណាង១០នាក់ យកញត្តិទៅប្រគល់ជូនស្ថាប័នមានសមត្ថកិច្ច ឬតាមរយៈសាលារាជធានីភ្នំពេញ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ថា បើសភាពការណ៍មិនទាន់ស្រួល និងមិនទាន់បានវិលរកភាពប្រក្រតីវិញនោះ ក៏មិនអាចអនុញ្ញាតឱ្យធ្វើបាតុកម្មនៅថ្ងៃទី២៦ មករា បានឡើយ ព្រោះបារម្ភពីសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ទូទៅរបស់សង្គមជាតិទាំងមូល ។ លោកបន្ថែមថា បើសិនជាក្រុមសហព័ន្ធសហជីព និងសមាគមទាំង៩ នៅតែមានះធ្វើបាតុកម្មនៅថ្ងៃទី២៦ មករា សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ៕