ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ កម្លាំងចម្រុះមាននគរបាល និងជំនាញមេព្រៃ ដឹកនាំដោយ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តស្ទឹងត្រែងអ្នកស្រី ស៊ិន យ៉ឺត បានចុះចាប់ឈើប្រណីតបានជាង៥តោន ដែលឈ្មួញបានលាក់ទុកនៅក្នុងផ្ទះមួយកន្លែង ក្នុងភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ។
លោកស្រស់ សារិន នាយរងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង បានឲ្យដឹងថាឈើប្រណីតដែលរឹបអូសបានមាន៣ប្រភេទគឺគ្រញូង ចំនួន១,២៥០គីឡូក្រាម នាងនួន និងធ្នង់ ដែលសរុបទាំងអស់បានចំនួន៤ម៉ែត្រគូប៧។
លោក កែវ វីត បាននិយាយអះអាងនៅចំពោះមុខសមត្ថកិច្ចថា ឈើប្រណីតគ្រញូងជាង១តោនជា របស់គាត់មិនទាន់លក់ឲ្យក្រុមឈ្មួញនៅឡើយទេ ដោយឡែកឈើប្រណីតនាងនួន និងធ្នង់គាត់ បានលក់ឲ្យទៅឈ្មោះ ឡុង ជនជាតិវៀតណាមដែលជាម្ចាស់សិប្បកម្មដ៏ធំ នៅស្រុកសៀមប៉ាងនោះ ហើយឈ្មោះឡុង នេះបានផ្ញើទុកនៅផ្ទះរបស់គាត់សិន៕