ភ្នំពេញ ៖ មហាជនជាច្រើនបានរងការរិះគន់កាន់តែខ្លាំងចំពោះ ម្ចាស់ផ្សារឯកជន ប៉េង ជ្រី ដែល ធ្លាប់មានរឿងចម្រូងចម្រាស់ជាមួយប្រធានផ្សាររដ្ឋព្រែកព្នៅ និងប្រជាពលរដ្ឋដោយសារតែប្រធានផ្សារខាងលើនេះ បានអនុញ្ញាតឱ្យអាជីវកររបស់ខ្លួនយកផ្លូវ និងចិញ្ចើមផ្លូវ សម្រាប់ការលក់សឹងតែពេញតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ ដូរជាថ្នូរនឹងការបង់លុយភាស៊ី បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ជាពិសេសពេលព្រឹកនិងល្ងាច ទោះជាផ្លូវនេះទើបនឹងធ្វើហើយមានលក្ខណធំទូលាយហើយក្តីក៏ដោយ។
ផ្លូវដែលត្រូវប្រធានផ្សារប៉េង ជ្រី បាន អនុញ្ញាតឱ្យអាជីវកររបស់ខ្លួន ដាក់តាំងលក់ ទំនិញ និងបន្លែបង្កាធ្វើឱ្យកកស្ទះចរាចរណ៍ និងខូចសណ្ដាប់ធ្នាប់សាធារណៈ គឺត្រូវបាន ស្ថាបនាក្រោមថវិការបស់សាលារាជធានីភ្នំពេញ ដោយចាប់គិតពីផ្លូវជាតិលេខ៥បត់ ចូលទៅកាន់ភ្នំប្រសិទ្ធ (ផ្លូវលេខ ១៥១)។
ដោយឡែកចាប់ពីមុខផ្សារប៉េង ជ្រី រហូត ដល់មុខវត្ដព្រែកព្នៅ ត្រូវបានសាងសង់ ឡើងជាបេតុង ប្រភេទក្រាស់ដែលតាមការអះអាងរបស់អាជ្ញាធរ គឺផ្លូវបេតុងនេះ ធានាបានទាំងគុណភាព និងទំហំដើម្បីកំណត់ ចិញ្ចើមផ្លូវ បញ្ចៀសបាននូវការដាក់លក់លើ ចិញ្ចើមផ្លូវនាំឱ្យមានការកកស្ទះចរាចរណ៍។
ទោះជាយ៉ាងណាក៏ដោយ មហាជនដែលធ្វើ ដំណើរឆ្លងកាត់ផ្លូវលេខ ១៥១ បាននាំគ្នារិះ គន់គ្រប់ៗគ្នា ទៅលើប្រធានផ្សារដែលគិតពី ប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការទារភាស៊ី ពីក្រុមអាជីវករទាំងនោះ ដោយមិនគិតពីបញ្ហាសណ្ដាប់ធ្នាប់ និងការកកស្ទះចរាចរណ៍ ដោយបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លង កាត់ទីនោះ ជាពិសេសថ្ងៃសៅរ៍-អាទិត្យ ដែលម្នាក់ៗបានធ្វើដំណើរឆ្លងកាត់ ដើម្បីទៅលេងកំសាន្ដនៅភ្នំប្រសិទ្ធ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួន បានឱ្យដឹងថា ក្រោយពីសង្កេតឃើញការ កកស្ទះចរាចរណ៍ គេឃើញមានវត្ដមានសន្ដិសុខ សាលាសង្កាត់ និងនគរបាលមូលដ្ឋាន ប៉ុស្ដិ៍ព្រែកព្នៅ ទៅជួយវែកផ្លូវ ប៉ុន្ដែសកម្មភាពនេះ ធ្វើឡើងដូចជាវែកចកពោលពេល សមត្ថកិច្ចទៅបាត់អស់ ក្រុមអាជីវករបានយកឥវ៉ាន់មកដាក់លក់នៅលើចិញ្ចើមផ្លូវដដែល។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា បើទោះបីមានសមត្ថកិច្ចប៉ុន្មាននាក់ក៏ដោយ ក៏មិនអាចជួយសម្រួលចរាចរណ៍បាននោះទេ ហើយរឿងដែលសំខាន់នោះគឺ ប្រធានផ្សារមានឆន្ទៈដោះស្រាយបញ្ហានេះ ៕