បាត់ដំបង ៖កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ចំណុចក្រុមទី១៩ ភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ខណៈឪពុក ម្តាយរវល់ទៅធ្វើការ បានទៅលេងជាមួយក្មេងៗផ្ទះអ្នកជិតខាង ដោយជិះកង់រទេះលេងដួលរមៀលចូលទឹកប្រឡាយលង់ស្លាប់ ។
លោក ដាំ មករា នាយប៉ុស្តិ៍រដ្ឋបាលជ្រៃ បានអោយដឹងថា កុមារារងគ្រោះមានឈ្មោះ សាក់ ស៊ាង អាយុ៤ឆ្នាំ មានឪពុកឈ្មោះ សុំ សាក់ អាយុ៤០ឆ្នាំជាជាងបាញ់ថ្នាំ និងម្តាយឈ្មោះ ប៉ាល់ សាវុន អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។
ក្រោយពីហូបបាយជុំក្រុមគ្រួសាររួច ប្តីរបស់គាត់បានចេញទៅធ្វើការបាត់ ហើយកូនប្រុសបានទៅលេងជាមួយក្មេងនៅផ្ទះ អ្នកជិតខាង ដោយឃើញកូននៅលេង គាត់ក៏បានទៅអង្គុយលេងនៅផ្ទះជិតខាងម្នាក់ទៀត ។ មួយសន្ទុះក្រោយមក គាត់ក៏បានត្រឡប់មកផ្ទះវិញ តែរកកូនមិនឃើញទោះជាសួរក្មេងៗលេងជាមួយក៏ឆ្លើយថាអត់ដឹង ។ ពេល ឃើញកង់រទេះដួលក្បែរមាត់ប្រឡាយផ្លូវចូលផ្ទះអ្នកជិតខាង ក៏មានការសង្ស័យ ទើបចុះរាវក៏ប្រទះសពកូនតែម្តង ៕