ភ្នំពេញ៖ជំនួបនេះនឹងប្រព្រឹត្តទៅនៅម៉ោង ០៩ព្រឹកថ្ងៃទី ២២ មករា ២០១៤ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ដោយមានការចូលរួមផងដែរពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអាណត្តិទី៥ និងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនជាច្រើនរូបទៀត ។លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយក ព័ត៌មានថា លោកសាស្ត្រាចារ្យ Choi oe Chool មានប្រសាសន៍ថា គោលបំណងរបស់លោក មកកាន់កម្ពុជានាពេលនេះគឺដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជា ដោយសង្ឃឹមថា បទពិសោធន៍ ទាំងវិជ្ជមាន និងអវិជ្ជមាន ទាំងជោគជ័យ និងបរាជ័យ ដែលកូរ៉េធ្លាប់បានទទួលមក អាចផ្តល់ ឲ្យកម្ពុជា ដើម្បីទទួលយក និងប្រែក្លាយជំរុញការអភិវឌ្ឍរបស់ខ្លួន និងធ្វើឲ្យ ប្រជាជន កម្ពុជា ទទួលបាននូវភាពល្អប្រសើរនោះ ។
លោកជំនួយការឲ្យដឹងថា នៅក្នុងជំនួបនោះលោកសាស្ត្រាចារ្យ Choi oe Chool បាន លើកឡើងនូវសំណើចំនួន ៣ ចំណុចពាក់ព័ន្ធនឹងការជំរុញ ការអភិវឌ្ឍចលនាភូមិថ្មីនេះគឺទី១-ស្នើសុំឲ្យមានការរៀបចំគម្រោងរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា ជាមួយសាកលវិទ្យាល័យដើម្បី បណ្តុះបណ្តាល អ្នក ជំនាញការលើវិស័យចលនាភូមិថ្មីនេះ ទី២-រៀបចំវេទិកាដើម្បីធ្វើបទ បង្ហាញពាក់ព័ន្ធនឹងចលនាភូមិថ្មី និងទី ៣-រៀបចំធ្វើគម្រោងសាកល្បងនៅភូមិ ២ ឬ ៣ នៅក្នុង កម្ពុជានោះ ។ លោកសាស្ត្រាចារ្យបានសំដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ដែលបាន កត់សម្គាល់ឃើញនូវការអភិវឌ្ឍរបស់កម្ពុជា និងបានសិក្សាពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ កម្ពុជា ដែលប្រហាក់ប្រហែលជាមួយវប្បធម៌ និងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋកូរ៉េនោះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ចលនាភូមិថ្មីជាទ្រព្យសម្បត្តិដ៏មានតម្លៃ របស់ប្រជាជនកូរ៉េ ហើយសម្តេចមានការចាប់អារម្មណ៍ ខ្លាំងណាស់ជាមួយចលនាភូមិថ្មីនេះ ព្រោះចលនាភូមិថ្មីបានគ្របដណ្តប់លើគ្រប់វិស័យ ដែលអាចជាចលនាធ្វើឲ្យប្រជាជនមាន ម្ចាស់ការលើខ្លួនឯង ។
សម្តេចតេជោបានណែនាំឲ្យក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំគម្រោងនេះ សហការជាមួយលោកសាស្ត្រាចារ្យ Choi oe Chool ដែលជាអ្នក ជំនាញជាន់ខ្ពស់ ផ្នែកអភិ វឌ្ឍន៍ចលនាភូមិថ្មីនេះ ។ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ចំពោះភូមិដែលត្រូវសាក ល្បងនោះ គប្បីជ្រើសរើសយកភូមិដែល នៅ តំបន់ ខុសៗគ្នា ដូចជាភូមិនៅតាមមាត់ទន្លេ តំបន់ឦសាន្តឬតំបន់ដទៃទៀត ។ ពាក់ព័ន្ធនឹងបទបង្ហាញវិញ សម្តេចតេជោបានថ្លែងថា គប្បីធ្វើនៅ ក្នុង ប្រទេស កម្ពុជា ជាការល្អព្រោះអាចធ្វើការចំណាយតិច និងអាចមានអ្នកចូលរួម និងអ្នក អនុវត្តន៍បានច្រើនជាង៕