កំពង់ឆ្នាំងៈ នៅវេលាម៉ោងប្រមាណ២ និង៣០នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រភូមិត្រពាំងក្របី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានធ្វើការ ដេញបង្ក្រាបរថយន្ត ដឹកឈើប្រណីត បានមួយគ្រឿង ព្រមទាំងឃាត់បាន ជនសង្ស័យចំនួន៣នាក់ ប៉ុន្តែ បន្ទាប់មកសមត្ថកិច្ចនគរបាលចរចាគ្នាតាមទូរស័ព្ទត្រូវគ្នា បានបោយដៃ ឲ្យជនសង្ស័យចំនួន២នាក់ រត់ចូល ទៅក្នុងព្រៃ ដើម្បីគេចខ្លួន ដោយទុកម្នាក់តែប៉ុណ្ណោះ ។
រថយន្តខាងលើម៉ាកអ៊ីស៊ុយហ្សុយ ពណ៌ប្រផេះ ពាក់ស្លាកលេខ ប-0667 ភព2 បានដឹកឈើប្រណីតប្រភេទធ្នង់ និង ឈើម្រះព្រៅភ្នំ ចេញពីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ឆ្ពោះទៅ កាន់រាជធានីភ្នំពេញ ប៉ុន្តែខណៈមកដល់ចំណុចខាងលើ ក៍៏ត្រូវសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចដេញស្ទាក់ចាប់បង្ក្រាប បានតែម្តង។ ក្នុងនោះសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន៣នាក់ ប៉ុន្តែមួយ ម៉ោងក្រោយមកមានការ ចចារគ្នាតាមទូរស័ព្ទធ្វើអោយ សមត្ថកិច្ចនគរបាល ក្រុមខាងលើបើកភ្លើងខៀវ បោយដៃ អោយជនសង្ស័យចំនួន២នាក់ រត់គេចខ្លួន ចូលទៅក្នុងព្រៃបាត់ស្រមោល ជាក់ស្តែង ដូចរូបភាពដែល អ្នកយកពត៌មាន បានថតជារូបវីដេអូ ឃ្លីបខ្លីៗខាងក្រោមនេះ ។
ឈើប្រណីតនៅលើរថយន្ត ទាំងអស់មានចំនួន២៩ដុំ ក្នុងនោះឈើធ្នង់ចំនួន១៣ដុំ និងម្រះព្រៅភ្នំ ចំនួន១៦ដុំ ប្រគល់ជូន រដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង តាមនីតិវិធីច្បាប់ ៕