ភ្នំពេញ៖ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ FM 105 MHz បានលុបចោលកិច្ចប្រជុំ ជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ នាព្រឹកម៉ោង ៩ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤។ មូលហេតុ មកពីពេលនេះ លោកម៉មសូណង់ដូ មិននៅក្នុងប្រទេស។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ បានកោះអញ្ជើញលោកម៉មសូណង់ដូ មកជួបប្រជុំ នៅព្រឹកម៉ោង ៩ ថ្ងៃទី២១មករានេះ អំពីគម្រោងធ្វើបាតុកម្ម រៀងរាល់សប្តាហ៍ របស់លោក ពីថ្ងៃចន្ទ ទៅដល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី២៧មករា។ ប៉ុន្តែខាងលោកម៉មសូណង់ដូ បានលើកពេលវិញ ដោយសំអាងថា ពេលនេះ លោកម៉មសូណង់ដូ នៅក្រៅប្រទេស។
លោក ម៉ម សូណង់ដូ បានលើកឡើងក្នុងលិខិតថា ចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០១៤ តទៅ លោកនឹងដឹកនាំបាតុករ ចំនួនតិចជាង ២០០ នាក់ ធ្វើបាតុកម្មរៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ វេលាម៉ោង ៧ ព្រឹក ហើយដង្ហែក្បួនបាតុកម្ម ឆ្ពោះទៅកាន់ក្រសួងព័ត៌មាន នៅវេលាម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ដើម្បីទាមទារឲ្យក្រសួងព័ត៌មាន អនុញ្ញាតឲ្យវិទ្យុសំបុកឃ្មុំ តំឡើងកម្លាំងផ្សាយបន្តទៅតាមខេត្ត ( Relay ) និងសុំហ្វ្រេកង់ សម្រាប់បង្កើតទូរទស្សន៍ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋរាប់លាននាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ លោកម៉មសូណង់ដូ បានសរសេរលិខិតម្តងរួចមកហើយ ដាក់ទៅកាន់លោកអភិបាលសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំធ្វើបាតុកម្មរៀងរាល់ថ្ងៃ នៅមុខក្រសួងព័ត៌មាន ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣។ ប៉ុន្តែកាលណោះ អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាត ព្រោះពេលនោះ គណបក្សសង្គ្រោះជាតិ និងកម្មកររោងចក្រកាត់ដេរ កំពុងធ្វើបាតុកម្មរៀងរាល់ថ្ងៃ នៅទីលានប្រជាធិបតេយ្យ៕