ភ្នំពេញ ៖ នៅវេលាម៉ោង១១និង៤០ នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ នៅចំណុចមុខហាងបៀរហ្គាឌិន”សួន
មនោរម្យ” ឋិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីបង្កហិង្សាទៅលើជនរងគ្រោះ៣នាក់ ផ្សេងទៀត បណ្តាលឲ្យរងរបួសត្រង់ដៃស្តាំ និងស្មាឆ្វេង ដែលផ្តើមចេញពីរឿងទំនាក់ទំនង ស្រីៗរត់តុនៅក្នុងហាងបៀរហ្គាឌិន ”សួនមនោរម្យ” ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំការដូង ។
មុនពេលកើតហេតុ ជនរងគ្រោះបានឌុបគ្នា៣នាក់មកចូលផឹកស៊ីនៅក្នុងហាងសួនមនោរម្យ នេះ មានឈ្មោះ ប៉ុល ទ្រា ភេទប្រុស អាយុ២៨ឆ្នាំ (របួសដៃស្តាំ និង ស្មាឆ្វេង) , ២/ឈ្មោះ នុន ម៉ស់ ភេទប្រុស អាយុ២៩ឆ្នាំ (របួសក្បាល) និងទី៣/ឈ្មោះ មឿង ថុនា ភេទប្រុស អាយុ២៩ឆ្នាំ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ហើយពួកគេមានស្រុកកំណើតនៅភូមិស្លា ឃុំតាអូ ស្រុកគីរីវង្ស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ និងមានមុខរបរអ្នកលក់ ដូរនៅតាមរោងចក្រ ។ ចំណែកជនសង្ស័យ មានឈ្មោះ សួង ប៊ុនហេង ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរធ្វើចង្ក្រាន មានស្រុកកំណើតនៅភូមិមង្គលបុរី ឃុំកំពង់រាប ស្រុក
ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ និង ឈ្មោះ ហ៊ី ចាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើចង្ក្រាន ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ(ឃាត់ខ្លួន) និងជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់ជាអ្នកផ្តល់កាំបិត ។
ករណីទំនាស់គ្នានេះផ្តើមចេញពីរឿងស្រីៗ រត់តុក្នុងហាងសួនមនោរម្យ ដោយភាគីជនរងគ្រោះមានគ្នា២នាក់ បានចូលទៅរកផឹកស៊ីតែ មិនទាន់ផឹកទេ ព្រោះពួកគេរង់ចាំគ្នាគេម្នាក់ទៀតនៅខាងក្រៅហាង ។ ក្រោយមកពួកគេក៏ដើរ ចេញមកក្រៅវិញដែរ ហើយក៏នាំគ្នាអង្គុយផឹកទឹកក្រឡុកលក់នៅមុខហាង ផឹកទឹកក្រឡុកហើយ ក៏ឈរនិយាយ
លេងជាមួយស្រីៗរត់តុ ស្រាប់តែមិនយូរប៉ុន្មានផង ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូមកដល់មុខហាង ទាញយកកាំបិតទម្លាក់ឲ្យគូកនគេ២នាក់ខាងលើនេះក៏នាំ គ្នាដេញកាប់ជនរងគ្រោះ២នាក់ ដែលកំពុងឈរនិយាយជាមួយនារីរត់តុរត់ប្រសាច ។ បន្ទាប់ មក ជនសង្ស័យក៏ស្ទុះទៅកាប់ជនរងគ្រោះឈ្មោះ ប៉ុល ទ្រា ដែលកំពុងអង្គុយលើម៉ូតូ
នៅមុខវត្ត ធុតង្គដោយមិនដឹងខ្លួន បណ្តាលឲ្យរបួសដៃស្តាំនិងស្មាឆ្វេង ៕