បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២១មករា២០១៤អគ្គីភ័យដ៏គួរអោយរន្ធត់មួយបានលេបត្របាក់ផ្ទះឈើទាំងស្រុងចំនួន៥ខ្នងដែលឋិតនៅក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើទោះបីជាមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់យ៉ាងណាក៏ដោយ ។
តាមព័តមាននៅកន្លែងកើតហេតុបានអោយដឹងថា ផ្ទះ៥ខ្នងដែលត្រូវភ្លើងឆេះភាគច្រើនជាផ្ទះបងប្អូនគ្នារបស់អ្នកលក់ខោអាវជជុះនិងលក់ការ៉េមដែលម្ចាស់ពុំនៅមានតែជីដូនម្នាក់ឈ្មោះអុករ៉ន។ខណៈពេលដែលភ្លើងឆាបឆេះសមត្ថកិច្ចប៉ូលិសប៉េអឹមនិងមានការដឹកនាំបញ្ជាពីលោកអ៊ុំរាត្រីអភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជារថយន្តពន្លត់អគ្គីភ័យដំបូង១គ្រឿងនឹងបន្ទាប់មក១គ្រឿងទៀតបាញ់ពន្លត់ពីផ្នែកខាងមុខផ្ទះនៃប៉ែកខាងត្បូងតែពុំអាចឈ្នះកម្លាំងភ្លើងដែលឆាបឆេះលាយឡំជាមួយនឹងជំនោរខ្យល់បក់ខ្លាំងធ្វើអោយអណ្ដាតភ្លើងរាលដាលឆេះកាន់តែខ្លាំងពីផ្ទះ១ទៅផ្ទះ១ រហូតឆេះអស់៤ខ្នងខ្ទេចដែលជាផ្ទះឈើនិង២ខ្នងទៀតជាផ្ទះថ្មនៅសងខាងរងការប៉ះពាល់ភ្លើងត្រូវបានរលត់នៅវេលាម៉ោង១០ដែលត្រូវប្រើរថយន្តដឹកទឹកចំនួន២គ្រឿង។ផ្ទះដែលត្រូវភ្លើងឆេះរួមមានរបស់ឈ្មោះ ញ៉នសន , ឈ្មោះពេជ្រចាន់ , ឈ្មោះតាថន , ឈ្មោះយាយសៀង , ឈ្មោះវ៉ែនរ៉ានិងឈ្មោះអុករ៉ន , ឈ្មោះភា។នេះជាករណីទី២ហើយនៅក្នុងដើមឆ្នាំ២០១៤ដែលអគ្គីភ័យបានលេបត្របាក់ផ្ទះអ្នកស្រុកកណ្ដាលទីរួមខេត្តបន្ទាយមានជ័យ។តាមព័ត៌មានពីលោកយាយ អុករ៉នដែលជាម្ចាស់ផ្ទះ១ក្នុងចំណោមម្ចាស់ផ្ទះរបស់កូនគាត់ជាច្រើនទៀតបានអោយដឹងថាផ្ទះដែលឆេះទាំងប៉ុន្មានរួមមានផ្ទះកូនរបស់គាត់ចំនួន៣ដែលចាក់សោទុកចោលរវល់ទៅលក់ខោអាវជជុះនៅផ្ទះសិរីសោភ័ណនិងនៅខេត្តសៀមរាប មូលហេតុដែលនាំអោយឆេះគឺបណ្ដាលមកពីការទុស្សេខ្សែភ្លើងហើយឆាបឆេះខោអាវជជុះនៅក្នុងផ្ទះដោយលោកយាយពុំដឹងថាឆាបឆេះពីផ្ទះគាត់ឬកូនគាត់នោះទេគឺគ្រាន់តែដឹងឆេះពីប៉ែកខាងលិចមកមុន។
លោកអ៊ុំរាត្រីអភិបាលរងខេត្តបន្ទាយមានជ័យនិងសមត្ថកិច្ចនគរបាលនៃការិយាល័យពន្លត់អគ្គីភ័យបានអោយដឹងថាមកដល់ពេលនេះសមត្ថកិច្ចពុំទាន់សន្និដ្ឋានថាការឆេះនេះបណ្ដាលមកអ្វីនោះទេ តែគ្រាន់តែដឹងថាការឆេះនេះបានបំផ្លាញផ្ទះអស់ចំនួន៥ខ្នងនិងសម្ភារៈនៅក្នុងផ្ទះដែលមានម៉ូតូ១គ្រឿងត្រូវឆេះខ្ទេច៕
» Breaking News, ព័ត៌មានជាតិ » ផ្ទះ៥ខ្នងត្រូវអគ្គីភ័យឆាបឆះ នៅទីរួមខេត្តបន្ទាយមានជ័យ