ភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសិលានិធិ ជិះ ម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុក បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់ ត្រូវសាច់ញាតិក្រុមគ្រួសារដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនចោមចៅ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃ២១ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ១.គ្រី រិទ្ធី អាយុ១៨ឆ្នាំ មុខរបរជាសិស្សសាលា ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ជិះម៉ូតូម៉ាក AXELO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BJ-2966 ។ ចំណែកបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសិលានិធិ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Z-6381 ដោយមានបាញ់ថ្នាំនៅលើម៉ូតូថា សិលានិធិ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូបង្កហេតុបានជិះគ្នា២នាក់តាមបណ្តោយផ្លូវជាតិ លេខ៤ពីលិចទៅកើត រួចឆ្លងផ្លូវពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូជនរងគ្រោះជិះស្របទិសគ្នាក៏ ជ្រុលទៅបុកនឹងម៉ូតូបង្កហេតុចំពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូ AXELO របួសសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកម៉ូតូហុងដារងរបួសស្រាល៕
» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូរបួសធ្ងន់ស្រាល៣នាក់